ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីប្រកាសឈ្មោះហើយនោះ ក្រុមបាល់ទាត់ ជម្រើសជាតិ អាយុក្រោម២៣ឆ្នាំកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ភ្លាមៗ ដើម្បីចូលរួម ព្រឹត្តិការណ៍ ពានរង្វាន់អាស៊ី ក្រោមអាយុ២៣ឆ្នាំ នៅប្រទេសកាតា ឆ្នាំ២០២៤ (AFC U23 Asian Cup Qatar 2024)។
កម្ពុជាស្ថិតនៅពូល J ជាមួយ លីបង់ ម៉ុងហ្គោលី និងអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមជម្រើស ជាតិ ទាំង ២៣ នាក់ ហ្វឹកហាត់ ក្រោមការដឹកនាំរបស់លោក Gyotoku Koji គ្រូបង្គោលជនជាតិជប៉ុន របស់ក្រុមជម្រើសជាតិកម្ពុជា។
ក្រុមជម្រើសជាតិនេះ ជ្រើសរើសចេញពី ១០ ក្លិប ក្នុងនោះ ៩ ក្លិប ជាសមាជិកលីគ កំពូលកម្ពុជា ដូចជាវិសាខា៥នាក់, បឹងកេត ២នាក់, ភ្នំពេញក្រោនម្នាក់, ណាហ្គាវើលដ៍ ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, អង្គរថាយហ្គឺ ៣នាក់, គិរីវង់សុខសែនជ័យម្នាក់, ព្រៃវែង ២នាក់, ISI ដង្កោសែនជ័យ ម្នាក់ និងសាលាបាល់ទាត់បាទីម្នាក់។
ព្រឹត្តិការណ៍ពានរង្វាន់ ក្នុងតំបន់អាស៊ី AFC U-23 Asian Cup ត្រូវបានបង្តើត ឡើងដំបូង កាលពីឆ្នាំ២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុមជម្រើសជាតិជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង គ្រងម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត បានគ្រងជា ម្ចាស់ជើងឯក។
ការប្រកួតវគ្គជម្រុះក្នុងពូល J នឹងត្រូវចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ី សាអូឌីត ។ ក្រុម U23 កម្ពុជា នឹងត្រូវប្រកួតបើកឆាក ជាមួយក្រុមលីបង់ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣, បន្តជួបប្រកួតជាមួយម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និងចុងក្រោយ បន្តជួបជាមួយម្ចាស់ផ្ទះ អារ៉ាប់ប៊ី សាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
សម្រាប់វគ្គចែកពូលនេះ មាន ១១ ពូល ដោយក្នុង ១ពូលៗ មាន ៤ ក្រុមស្មើៗគ្នា លើកលែងតែពូល K មួយប៉ុណ្ណោះ ដែលមាន ៣ ក្រុម សរុបមានចំនួន ៤៣ ប្រទេស។ ចំពោះក្រុមកាតា ដែលជាម្ចាស់ផ្ទះ ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤ ខាងមុខ គឺស្ថិតនៅក្នុង ពូល B ដែលរាល់ការប្រកួតជម្រុះប្រចាំពូល B នេះត្រូវបានចាត់ទុក ជាការប្រកួត មិត្តភាព កម្តៅសាច់ដុំ ដោយមានន័យថា សិទ្ធិរបស់ក្រុមកាតា ដែលជាម្ចាស់ផ្ទះ គឺឈររង់ចាំស្រាប់នៅជុំផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ នឹងមាន ១៦ ក្រុម ដែលជាបេក្ខភាពក្រុមចំណាត់ថ្នាក់ លេខ១ នៃពូលទាំង ១១ ស្មើនឹង ១១ក្រុម និង ៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់ ថ្នាក់លេខ២ ល្អផ្តាច់គេ ក្នុងចំណោម ១១ពូល បូករួមទាំងម្ចាស់ផ្ទះកាតា សរុប ១៦ក្រុម។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC U23 Asian Cup Qatar 2024 គ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា៕/V/R