​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ដង្កូវរស់​មួយ​ក្បាល​ត្រូវបាន​វេជ្ជបណ្ឌិត​អូស្ត្រាលី​រកឃើញ​នៅក្នុង​ខួរក្បាល​របស់​ស្ត្រី​ម្នាក់ ដែល​នេះ​ជា​ករណី​លើកដំបូង​ដែល​ប៉ារ៉ាស៊ីត​បែប​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ខ្លួន​មនុស្ស​។​

​ដង្កូវ​ឈ្មោះថា Ophidascaris Robertsi ប្រវែង ៨ សង់ទីម៉ែត្រ ត្រូវបាន​រកឃើញ​បន្ទាប់ពី​ការវះកាត់​ខួរក្បាល​លើ​ស្ត្រី​អាយុ ៦៤ ឆ្នាំ​ដោយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ក្រុង​កង់​បេរ៉ា​។​

BBC បាន​រាយការណ៍​ថា ដង្កូវព្រូន ដែលមាន “​រចនា​សម្ពន្ធ​ដូច​ខ្សែ​នេះ​” អាច​រស់នៅ​ក្នុង​ខួរក្បាល​របស់​គាត់​បាន​រហូត​ដល់​ពីរ​ខែ​។​

​ប៉ារ៉ាស៊ីត​នេះ​ឧស្សាហ៍​រកឃើញ​ជា​ទូទៅ​ក្នុង​ពស់ថ្លាន់​ក្នុងប្រទេស​អូស្ត្រាលី​។ រហូត​មកដល់ពេលនេះ វា​មិន​ត្រូវបាន​រកឃើញ​ចំពោះ​មនុស្ស​ទេ​។​

​គេ​សង្ស័យថា ដង្កូវ​នេះ​បាន​ចម្លង​មេរោគ​ដល់​សរីរាង្គ​ផ្សេងទៀត​នៅក្នុង​ខ្លួន​របស់​ស្ត្រី​នេះ​ផងដែរ នេះ​បើ​យោង​តាម​ទូរទស្សន៍ Al Jazeera កាលពី​ថ្ងៃ​អង្គារ​។​

​វេជ្ជបណ្ឌិត សាន់​ចា​យ៉ា សេណា​ណា​យ៉ាកេ (Sanjaya Senanayake) អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី និង​មន្ទីរពេទ្យ​ក្រុង​កង់​បេរ៉ា បាន​និយាយថា “​នេះ​គឺជា​ករណី​ដង្កូវព្រូន Ophidascaris លើ​មនុស្ស​ដំបូង​គេ​មិន​ធ្លាប់​មាន​នៅក្នុង​ពិភពលោក​”​។​

​លោក​វេជ្ជបណ្ឌិត​បាន​បន្ថែមថា “​ចំពោះ​ចំណេះដឹង​របស់​យើង នេះ​ក៏​ជា​ករណី​ដំបូង​ផងដែរ ដែល​ពាក់ព័ន្ធ​នឹង​ខួរក្បាល​នៃ​ប្រភេទ​ថនិកសត្វ មនុស្ស ឬ ទាំងពីរ​”​។

​កាសែត The Guardian បាន​និយាយថា ករណី​នេះ​ត្រូវបាន​ចងក្រង​ជា​ឯកសារ​នៅក្នុង​ទស្សនា​វ​ដ្តី Emerging Infectious Diseases លេខ​ចេញផ្សាយ​សម្រាប់​ខែ​កញ្ញា​៕

ដង្កូវOphidascaris ត្រូវបាន​រក​ឃើញ​ក្នុង​ខួរក្បាល​ស្ត្រី​អូស្ត្រាលី​អាយុ ៦៤ ឆ្នាំ