ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខែសីហា ដែលរាំងស្ងួតខុសពីធម្មតា បានធ្វើឱ្យខូចខាតដល់ដំណាំធញ្ញជាតិនិងគ្រាប់ដូងប្រេងនៅអាស៊ី ខណៈបាតុភូតអែលនីណូ (El Nino) កាន់តែពង្រីកខ្លួនខ្លាំងឡើង ហើយការព្យាករណ៍សម្រាប់ភ្លៀងធ្លាក់ទាបក្នុងខែកញ្ញាកំពុងគំរាមរំខានថែមទៀតដល់ការផ្គត់ផ្គង់ស្បៀង។
ខណៈការព្យាករណ៍ទិន្នផលស្រូវសាលីកំពុងត្រូវបានកែសម្រួលទាបជាងមុនដោយសារតែអាកាសធាតុស្ងួតនៅក្នុងប្រទេសអូស្ត្រាលី ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេទីពីររបស់ពិភពលោក ភ្លៀងរដូវវស្សាធ្លាក់ទាបបំផុតមិនធ្លាប់មានពីមុនមកត្រូវគេរំពឹងថានឹងកាត់បន្ថយបរិមាណនៃដំណាំនានារួមទាំងស្រូវ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោក នេះបើយោងតាមក្រុមអ្នកឧតុនិយមនិងអ្នកវិភាគ។
ទន្ទឹមនឹងនោះ ភ្លៀងធ្លាក់មិនគ្រប់គ្រាន់នៅអាស៊ីអាគ្នេយ៍ អាចបំផ្លាញការផ្គត់ផ្គង់ប្រេងឆាផលិតពីដូងប្រេង ដែលជាប្រេងបន្លែប្រើប្រាស់យ៉ាងទូលំទូលាយបំផុតរបស់ពិភពលោក ខណៈដែលអាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេសចិនដែលនាំចូលពោតនិងសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក កំពុងធ្វើឱ្យទិន្នផលស្បៀងមានហានិភ័យ។
លោក គ្រីស ហាយ (Chris Hyde) អ្នកជំនាញឧតុនិយមនៅ Maxar Technologies ដែលជាវេទិកាវិភាគទិន្នន័យអាកាសធាតុមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បាននិយាយថា “យើងកំពុងស្ថិតក្នុងអាកាសធាតុអែលនីណូពេញទំហឹងនៅផ្នែកជាច្រើននៃពិភពលោក ហើយវានឹងកើនឡើងខ្លាំងដល់ចុងឆ្នាំនេះ”។
“គំរូអាកាសធាតុនេះនៅអាស៊ីនឹងមានទំនាក់ទំនងជាមួយស្ថានភាពអែលនីណូដែលស្ងួតបែកក្រហែង”។
អែលនីណូគឺជាការឡើងកម្តៅនៃទឹកនៅសមុទ្រប៉ាស៊ីហ្វិក ដែលជាធម្មតាបណ្តាលឱ្យមានស្ថានភាពស្ងួតជាងមុននៅទ្វីបអាស៊ី និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃអាម៉េរិកខាងជើងនិងខាងត្បូង៕
អែលនីណូនឹងធ្វើឱ្យខែកញ្ញាកាន់តែរាំងស្ងួតខ្លាំងនៅទ្វីបអាស៊ី