ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ដោយ​ឥតគិតថ្លៃ​រហូតដល់​បំណាច់​ឆ្នាំ​២០១៨

1348
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា សម្រាប់​ការប្រើប្រាស់​ការ​ជិះ​កាណូត (​ផ្លូវទឹក​) ពី​ស្ថានីយ​ឫស្សីកែវ​ទៅកាន់​ក្រុង​តាខ្មៅ ដែលថា​គ្រោង​យកប្រាក់​នៅ​ថ្ងៃទី​០១ ខែសីហា ឥឡូវនេះ​សូម​ពន្យារ​ហូត​ទៅដល់​ដាច់​ឆ្នាំ​២០១៨ (​ចាប់ពី​ខែមករា ឆ្នាំ​២០១៩) នឹង​ដំណើរ​ការយកថ្លៃ​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​នេះ លោក វ៉ា​ស៊ីម សុរិយា មន្ត្រី​អ្នកនាំពាក្យ និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​យើង​មាន​កាណូត​ចំនួន​០៤​គ្រឿង​បាន​កំពុង​ប្រតិបត្តិ​ការដែល​នាវា​នីមួយៗ អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី ៥០ ទៅ ៦០​នាក់​។ ក្នុងនោះ បើកបរ​ក្នុង​ល្បឿន ៤០​គីឡូម៉ែត្រ ចាប់ពី​ម៉ោង​៥​កន្លះ​ព្រឹក ដល់​ម៉ោង​៦​កន្លះ​ល្ងាច ជា​រៀងរាល់ថ្ងៃ​ពី​ចំណត​ស្ថានីយ៍​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឆ្លងកាត់​ចំណត​ផ្សារ​រាត្រី (​ផ្សារ​ចាស់​) ចំណត​ចតុមុខ ចំណត​ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​លោក​បាន​បន្តថា ប្រសិនបើ​គិត​ជា​តម្លៃ​សំបុត្រ​ត្រង់​ចំណត​ពី​ស្ថានីយ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ រហូតដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​មួយ​លើក (​ជើង​) ក្នុង​ម្នាក់​ចំណាយ​ថ្លៃ​៨.០០០​រៀល ឬ​ស្មើនឹង​០២​ដុល្លារ​អាម៉េរិក​។ លោក​បាន​បញ្ជាក់ទៀតថា ចាប់តាំងពី​ថ្ងៃ​ដាក់​ឲ្យ​ប្រតិបត្តិការ​ជា​បណ្តោះ​សន្ន នៅ​ថ្ងៃទី​០៦ ខែមេសា រហូតដល់​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកប្រើប្រាស់​សេវា​នេះ​សរុប​ចំនួន ៣០.៦៤៧​នាក់ គិត​ជា​មធ្យម ២០០​នាក់​ក្នុង​មួយថ្ងៃ​។​

​សូមជម្រាបថា ក្រៅពី​ការប្រកាស​ពន្យារពេល​មិន​គិតថ្លៃ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ខាងលើ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ទៀតថា សម្រាប់​ផ្លូវ​រថភ្លើង (​ផ្លូវដែក​) ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ពី​ប៉ោយប៉ែត​មក​ភ្នំពេញ ក៏​ពន្យា​ការយក​ប្រាក់​រហូត​ទៅដល់​ដើមឆ្នាំ​២០១៩ ទើបនឹង​ពិនិត្យ​សាជាថ្មី​អំពី​បញ្ហា​នេះ ហើយ​នេះ​គឺជា​កាដូ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ចំពោះ​ឆ្នាំ​ដែលជា​ឆ្នាំ​ជោគជ័យ​សម្រាប់​សេដ្ឋកិច្ច សង្គម និង​នយោបាយ​របស់​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម