ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣០ សីហា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូសរុបចំនួន ៧នាក់ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅប្រទេសថៃ។ កិច្ចប្រជុំនេះ នឹងបញ្ចប់នៅថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាននេះ ត្រូវបានធ្វើរៀងរាល់ឆ្នាំ បន្ទាប់ពីទទួលបានការអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១០ នៅប្រទេសវៀតណាម។
កិច្ចប្រជុំនេះដែរ ផ្ដោតការយកចិត្តទុកដាក់ លើការរួមគ្នាក្នុងចំណោមបណ្ដាប្រទេស អាស៊ាន ដើម្បីអភិវឌ្ឍន៍វិស័យកីឡា ឲ្យបានរឹងមាំ ហើយជួយគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការ នៃបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់សុខុមាលភាព សុខដុមនីយកម្ម របស់ប្រជាជនអាស៊ាន ពង្រឹងសាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡា ។
សមាជិកចូលរួម ក្រៅពីបណ្ដាប្រទេសសមាជិកអាស៊ាន ក៏មានដៃគូ ដើម្បីលើកកម្ពស់ វិស័យអប់រំកាយ និងកីឡានេះដែរ ជាក់ស្ដែង មានកិច្ចប្រជុំអាស៊ានបូកចិន និងអាស៊ានបូកជប៉ុន ជាដើម ដ្បិតកន្លងមក ចិននិងជប៉ុន ក៏បានជួយឧបត្ថម្ភគាំទ្រ លើការអភិវឌ្ឍវិស័យកីឡា នៅអាស៊ាន ក្នុងនោះ កម្ពុជា ក៏ធ្លាប់ទទួលបាននូវ ការផ្ដល់កម្មវិធីអភិវឌ្ឍកីឡា និងសុខុមាលភាពតំបន់ ដែលគេហៅថា តំបន់សុខភាព អាស៊ាន ព្រមទាំងឧបករណ៍ និងសម្ភារៈដើម្បីធ្វើការងារនេះដែរ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថាៈ ការចូលរួមនេះ ផ្ដោតសំខាន់លើការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងអាស៊ានខ្លួនឯងផង ក៏ដូចជា អាស៊ាន-ចិន និងអាស៊ាន-ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយ ក្នុងការអភិវឌ្ឍវិស័យ អប់រំកាយនិងកីឡា ដែលមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យរស់នៅមាន សុខភាពល្អ និងឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងកសាងនូវស្មារតីកីឡា របស់អាស៊ាន ក្នុងការបង្រួបបង្រួមអាស៊ាន ឲ្យមានការជួយគ្នា លើការងារអភិវឌ្ឍ វិស័យកីឡា និងរៀបចំព្រឹត្តិការណ៍ធំៗនានា ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជាក៏មានរបាយការណ៍ ស្ដីពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ និងស្ដីពីទិវាកីឡាអាស៊ាន ដែលបានធ្វើនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍ដល់អង្គប្រជុំ៕/V/r