​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖​វេជ្ជបណ្ឌិត ឆុ​លណាន ស្រ៊ី​កែន​(Cholnan Srikaew)​បាន​គោរព​ពាក្យ​សម្តី​និង​បានប្រកាស​លាឈប់​ពី​ប្រធាន​បក្ស​ភឿ​ថៃ​ដោយសារតែ​គណបក្ស​សំរេចចិត្ត​បង្កើត​រដ្ឋាភិបាល​ចម្រុះមួយ​ជាមួយ​បណ្តា​គណបក្ស​ដែល​មាន​ទំនាក់​ទំ​នង​ជាមួយ​ក្រុម​យោធា​។​

​អ្នកនយោបាយ​ជើង​ចាស់​មក​ពី​ខេត្ត​ណាន(Nan)​រូបនេះ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ស្នាក់ការ​បក្ស​ភឿ​ថៃ​កាលពីល្ងាច​ថ្ងៃ​ពុធ​ដោយ​លោក​បាន​អះអាងថា កាលពី​ពេល​ធ្វើ​យុ​ទ្ធ​ន​ការរក​សម្លេង​ឆ្នោត​កាលពី​ខែ​មេសា លោក​បាន​សន្យា​ចុះចេញ​ពី​តំណែង​បើសិន​ជា​គណបក្ស​នេះ​បង្កើត​ក្រុមចំរុះ​មួយ ជាមួយ​គណបក្ស​ផា​ឡាំង​ប្រចា​រ៉ា​ត របស់ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ុន​។​

​ប្រា​វីត វង់​ស៊ូ​វ៉ុន និង​ អតីត​នាយក​រដ្ឋ​ប្រា​យុទ្ធ ចាន់​អូ​ចា ជាបងប្អូន​ធម៌នឹងគ្នា។ពួកលោក ដឹកនាំ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ា​ត និង​ប្អូនប្រុស​របស់​លោក​ប្រា​វីត ទំនង​ជា​កាន់​មុខតំណែង​មួយ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ដឹកនាំ​ដោយ​ភឿ​ថៃ​។​

​វេជ្ជបណ្ឌិត ឆុ​លណាន គ្រូពេទ្យ​វ័យ​៦២​ឆ្នាំ និង​ជា​អតីត​ប្រធាន​មន្ទីរពេទ្យ​មួយ​នៅខេត្ត​ណាន​កំពុង​កាន់​តំណែង​សមាជិក​សភា​និង​ត្រូវ​រំពឹងថា​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល​។​

​សូមបញ្ជាក់​ថា គូប្រជែង​នយោបាយ​បានទាមទារ​អោយ​លោកឆុ​លណាន​ចុះចេញ​ពី​តំណែង​ប្រធាន​បក្ស​ភ្លាម​ក្រោយ​ភឿ​ថៃ​ប្រកាស​សម្ពន្ធភាព​នយោបាយ​ថ្មី​មួយ​កាលពី​ថ្ងៃ​២១​សីហា តែ​លោក​បាន​សុំ​ពេល​បួន​ប្រាំ​ថ្ងៃ​ទម្រាំ​ដំណើរការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​ចប់ស​ព្វ​គ្រប់​។​

​កាលពី​ថ្ងៃ​ពុធ​លោក​បាន​និយាយថា «​ឥឡូវ​ជា​ពេល​សមស្រប​សំរាប់​ខ្ញុំ​លាឈប់ ដោយសារ​ការបង្កើត​រដ្ឋាភិបាល​ចប់សព្វគ្រប់ ដោយ​ភឿ​ថៃ​កាន់​កាន់តំណែង​១៧​ក្នុង​គណៈរដ្ឋមន្ត្រី​»​។​

​សូមបញ្ជាក់​ថា ភឿ​ថៃ​ជាប់ឆ្នោត​លំដាប់​ទី​ពីរ​ជាមួយនឹង​អាសនៈ​សភា​១៤១​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​ឧសភា​។​គណបក្ស​នេះ​បាន​ដកខ្លួន​ចេញពី​សម្ពន្ធភាព​ដំបូង​របស់​ខ្លួន​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​មួយ​កាវ​ក្លៃ​ឬ​ឈាន​ទៅ​មុខ​(MFP)​និង​បង្កើត​សម្ពន្ធភាព​ចម្រុះ​ថ្មី​មួយ ដោយ​រួម​បញ្ចូល​ទាំង​គណបក្ស​ដែល​ស្និទ្ធ​នឹង​ក្រុម​យោធា​៕

​លោកឆុ​លណាន (កណ្តាល)បាន​លាឈប់​ពី​ប្រធាន​បក្ស​ភឿ​ថៃ​តែ​រក្សា​តំណែង​សភា​និង​ទំនង​បាន​តំណែង​មួយ​ក្នុង​រដ្ឋាភិបាល​ថ្មី​។​ទោះជា​រង​ការរិះគន់ ក៏​លោក​មាន​មោទនភាព​ចំពោះ​តួនាទី​របស់​លោក​ក្នុងការ​បញ្ចប់​ភាពជាប់គាំង​នយោបាយ​ថៃ​