ក្រុមហ៊ុន PetroVietnam និង​ក្រុមហ៊ុន​ជប៉ុន​២ ចុះ​កិច្ចព្រមព្រៀង​បូម​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​ចិន​

1171
ចែករម្លែក
  • 19
    Shares

​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម PetroVietnam បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​២​ដើម្បី​លក់​ឧស្ម័ន​ពី​ប្លុក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង ជិត​ដែនទឹក​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​វៀតណាម​កំពុង​ជួប​ការលំបាក​ក្នុង​ការរក្សា​ទិន្នផល​ប្រេង​និង​ឧស្ម័ន​របស់ខ្លួន ស្របពេល​ផលិតកម្ម​ថយចុះ​នៅ​អ​ណ្តូ​រ​ប្រេង​សំខាន់ៗ​និង​សម្ពាធ​ពី​ប្រទេស​ចិន ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​គម្រោង​មួយចំនួន​។​

​មន្ត្រី​របស់​ក្រុមហ៊ុន​ប្រេង PetroVietnam ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ការអភិវឌ្ឍ​នៃ​គម្រោង​នេះ​គឺមាន​សារៈសំខាន់​ចាប់តាំងពី​ការរុករក​និង​សកម្មភាព​ផលិតកម្ម​បាន​ថយចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​សារភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ការបង្ក្រាប​អំពើពុករលួយ​ដែល​កំពុង​បន្ត និង​តម្លៃ​ប្រេង​ឆៅ​ចុះ​ទាប​”​។​

​ក្រុមហ៊ុន PetroVietnam បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កិច្ចព្រមព្រៀង​លក់​ឧស្ម័ន​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធានា​សន្តិសុខ​ថាមពល​របស់​ប្រទេស​។​

PetroVietnam បានឱ្យដឹង​កាលពី​ខែមេសា​ថា​ភាព​តានតឹង​នៅ​ដែនសមុទ្រ​ជាមួយ​ចិន​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការរុករក​រ៉ែ​និង​សកម្មភាព​ផលិត​នៅ​ឈូង​សមុទ្រ​របស់ខ្លួន​នៅ​ឆ្នាំនេះ​។​

“​ខ្សែបន្ទាត់ ៩ ត្រេ​” រាង​អក្សរ U របស់​ចិន​បាន​គូស​ពង្រីក​ចូល​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ធំធេង ដែល​ចិន​អះអាងថា រួមបញ្ចូល​ទាំង​ផ្ទៃ​ទឹក​ដ៏​ធំ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម​។​

​កាលពី​ខែមីនា ក្រុមហ៊ុន PetroVietnam បាន​ប្រាប់​ក្រុមហ៊ុន​ថាមពល​អេ​ស្ប៉ា​ញ Repsol ឱ្យ​បញ្ឈប់​គម្រោង​បូម​ប្រេង ក្រោម​សម្ពាធ​ពី​ចិន ហើយ​កាលពី​ខែឧសភា​ក្រុមហ៊ុន Rosneft របស់​រុស្ស៊ី​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការ​ខួង​អណ្តូងរ៉ែ​នាពេល​ថ្មីៗ​នេះ​អាចធ្វើឱ្យ​ចិន​មិន​សប្បាយចិត្ត​។​

​ការបង្ក្រាប​អំពើពុករលួយ​នៅ​វៀតណាម​ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនីស្ត​កាន់អំណាច​ក៏បាន​ឃើញ អ្នកដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​មកពី​ក្រុមហ៊ុន​រដ្ឋ​រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ប្រេង PetroVietnam ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ​។ កាលពី​ថ្ងៃ​អង្គារ តុលាការ​បាន​កាត់ទោស​មន្ត្រី​យោធា​ទី​១​របស់​វៀតណាម​។​

​ក្រុមហ៊ុន​ប្រេង​រដ្ឋ​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តំបន់ Sao Vang-Dai Nguyet ដែលមាន​ទីតាំង​ស្ថិតនៅ​ប្លុក 05-1b & amp; 05-1c ឆ្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ​ពី​ឆ្នេរ​វៀតណាម គឺ​កាន់កាប់ ៤៣,០៨ ភាគរយ​ដោយ​ក្រុមហ៊ុន​ជប៉ុន Idemitsu Kosan កាន់កាប់ ៣៦,៩២ ភាគរយ​ដោយ​ក្រុមហ៊ុន Teikoku Oil (Con Son) Co និង កាន់កាប់ ២០ ភាគរយ​ដោយ​ក្រុមហ៊ុន PetroVietnam​។​

​ប្លុក​ខាងលើ ដែល​ស្ថិតនៅក្នុង​គម្រោង Sao Vang-Dai Nguyet គឺ​មិនមាន​ជម្លោះ​ផ្ទាល់​ជាមួយ​ប៉េកាំង​ទេ តែ​ស្ថិតនៅក្នុង​ដែនទឹក​ក្បែរ “​បន្ទាត់​៩​ត្រេ​” ។​

​ក្រុមហ៊ុន PetrVietnam បានឱ្យដឹងថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​អង្គារ​នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​គម្រោង​នេះ​ចាប់ផ្តើម​ផលិតកម្ម​ឧស្ម័ន​ចាប់ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០២០​។​

​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហាញថា ទិន្នផល​ប្រេង​ឆៅ​របស់​វៀតណាម​ក្នុង​រយៈពេល ៧ ខែ​ដំបូង​ឆ្នាំនេះ​បាន​ធ្លាក់ចុះ ១១,៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន ពោល​គឺមាន​ត្រឹមតែ ៧,១៦ លាន​តោន​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន PetroVietnam បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​២​ដើម្បី​លក់​ឧស្ម័ន​ពី​ប្លុក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម