ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ក្នុងអគ្គិភ័យនៅក្នុងរោងចក្រសម្លៀកបំពាក់តូចមួយនៅហ្វីលីពីនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទីក្រុង កេហ្សូន(Quezon )ខណៈជំនន់ទឹកភ្លៀង ការស្ទះចរាចរណ៍និងការផ្តល់អាសយដ្ឋានខុស បានរារាំងឬពន្យារការទៅដល់របស់រថយន្តពន្លត់អគ្គិភ័យ។
ជនរងគ្រោះភាគច្រើនទំនងជាកម្មកររោងចក្រនិងជាងឈើដែលបានកំពុងដេកក្នុងបន្ទប់នៅពេលអគ្គិភ័យកើតឡើងកាលពីជិតភ្លឺ។អ្នកខ្លះត្រូវបានរកឃើញស្លាប់នៅក្នុងផ្លូវច្រកដើរនៅក្រៅបន្ទប់និងម្ចាស់រោងចក្រនិងកូនរបស់គាត់ស្ថិតចំណោមអ្នកបាត់បង់ជីវិត នេះបើតាមមន្ត្រីនៅនាយកដ្ឋានការពារអគ្គិភ័យ។
មនុស្សបីនាក់រងរបួសដោយសារលោតចុះពីជាន់ទីពីរនៃអាគាររោងចក្រ។
បើតាមមន្ត្រីអគ្គិភ័យ ក្រុមសង្គ្រោះបានទៅដល់យឺត១៤នាទីដោយសារការធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងបង្កការជន់លិចនិងស្ទះចរាចរណ៍ ព្រមទាំងការផ្តល់អាសយដ្ឋានខុសដល់ក្រុមពន្លត់ភ្លើង។
បុគ្គលិកអគ្គិភ័យរើស័ង្កសីនិងសែងសាកសពពីអាគារដែលឆេះចូលរថយន្តក្នុងមេឃកំពុងភ្លៀងកាលពីព្រឹកថ្ងៃព្រហស្បតិ៍
ការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីរកមូលហេតុនៃអគ្គិភ័យ ការយឺតយ៉ាងនៃក្រុមអគ្គិភ័យនិងពិនិត្យមើលថាតើម្ចាស់រោងចក្រនេះបានរំលោភច្បាប់សុវត្ថិភាពដែរឬអត់។
ពួកមន្ត្រីមូលដ្ឋានបាននិយាយថា អាគាររោងចក្រនេះផ្ទុះក្រណាត់និងវត្ថុងាយឆេះ និងផ្ទាំងបដាឃោសនាផ្សាយពាណិជ្ជកម្ម។
សំណង់ខ្វះស្តង់ដាសុវត្ថិភាពនិងការអនុវត្តច្បាប់ធូររលុងបានបង្កអគ្គិភ័យនៅហ្វីលីពីនកាលពីអតីតកាល។អគ្គិភ័យនៅក្លឹបរាត្រីមួយកាលពីឆ្នាំ១៩៩៦បានសម្លាប់មនុស្ស១៦២នាក់នៅទីក្រុង កេហ្សូន(Quezon )ដដែលនេះ។មនុស្ស៩៣នាក់ទៀតបានរងរបួសក្នុងហេតុការណ៍នេះ៕