​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេវា​សង្គ្រោះ​បន្ទាន់​របស់​ទីក្រុង​ចូហាន​ណេ​ស្បឺក (Johannesburg) របស់​អាហ្វ្រិក​ខាងត្បូង​បាន​និយាយថា មនុស្ស​ជាង ៦០ នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​អគារ​កម្ពស់​ប្រាំ​ជាន់​នៅ​កណ្តាល​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​សីហា​។​

​អ្នកនាំពាក្យ​សេវា​គ្រប់គ្រង​គ្រាអាសន្ន លោក រ៉ូបឺត មូ​ឡូដ​ហ្ស៊ី (Robert Mulaudzi) បាន​និយាយថា មនុស្ស ៤៣ នាក់​ផ្សេងទៀត​បាន​រងរបួស ដោយ​ខ្លះ​រងគ្រោះ​ដោយ​ការ​ស្រូប​ផ្សែង ហើយ​ត្រូវបាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​។​

​លោកមូ​ឡូដ​ហ្ស៊ី​បាន​និយាយថា “​ឥឡូវ​នេះ​យើង​មាន​អ្នកស្លាប់​ចំនួន ៦៤ នាក់ និង​របួស​៤៣ នាក់ ដែល​ត្រូវបាន​ជញ្ជូន​ទៅ​កាន់​កន្លែង​ថែទាំ​សុខភាព​ផ្សេងៗ​”​។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​បាន​ពន្លត់ភ្លើង​បានសម្រេច ហើយ​ប្រតិបត្តិការ​ស្វែងរក​និង​សង្គ្រោះ​កំពុង​បន្ត​។​

​លោកមូ​ឡូដ​ហ្ស៊ី​បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក ENCA ថា “​យើង​កំពុង​ឡើង​តាម​ជាន់​មួយ​ទៅ​ជាន់​មួយទៀត​ដើម្បី​យក​សាកសព​”​។​

​អ្នកយក​ព័ត៌មាន AFP ម្នាក់​នៅ​កន្លែងកើតហេតុ​បាន​និយាយថា សេវា​សង្គ្រោះបន្ទាន់​កំពុង​បន្ត​នាំ​យក​សាកសព​ដែល​ឆេះ​ខ្លោច​ចេញពី​អគារ ដោយ​ដាក់​ពួកគេ​នៅ​ក្រោម​ក្រណាត់ និង​លើ​កម្រាល​នៅលើ​ដងផ្លូវ​ខាងក្រៅ​។​

​លោកមូ​ឡូដ​ហ្ស៊ី​បាន​និយាយថា “​វា​ពិតជា​ថ្ងៃ​ដ៏​សោកសៅ​មួយ​សម្រាប់​ទីក្រុង​ចូហាន​ណេ​ស្បឺក​…​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​នៅក្នុង​សេវាកម្ម​នេះ ខ្ញុំ​មិនដែល​ជួប​រឿង​បែបនេះ​ទេ​”​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ទេ ដែល​វា​បាន​ឆេះ​តាំងពី​ពេលយប់​មក​៕

​មនុស្ស​៦៤​នាក់​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​អគារ​កម្ពស់​៥​ជាន់​នៅ​ទីក្រុង​ចូហាន​ណេ​ស្បឺ​កនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ