ដោយ៖ វណ្ណៈ/ព្រះសីហនុ៖ ព្យុះប្រមោយដំរី កំពុងបោកបក់លើផ្ទៃសមុទ្រ អាជ្ញាធរខេត្តព្រះសីហនុ មានការព្រួយបារម្ភ និងអំពាវនាវដល់ប្រជានេសាទសមុទ្រ និងទូកដឹកភ្ញៀវទេសចរ តាមដែនកោះ ឲ្យ មានការប្រុងប្រយ័ត្ន ដោយព្យុះនេះ អាចកើតមាន ជាបន្តរបន្ទាប់ ក្នុងរដូវវស្សានេះ។

ព្យុះប្រមោយដំរីដ៏ធំ មើលទៅគួរឲ្យបារម្ភនេះ បានកើតឡើងនៅលើលម្ហសមុទ្រ ខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ។

អ្នកជំនាញ បាននិយាយថាៈ ព្យុះនេះ អាចបង្ករគ្រោះថ្នាក់ គ្រប់ពេលវេលា ក្នុងរដូវវស្សានេះ វាអាចកើតមាននៅលើលម្ហសមុទ្រ និងតាមឆ្នេរសមុទ្រផងដែរ។

ប៉ុន្តែខ្យែព្យុះនេះ គេអាចមើលឃើញពីដំណើររបស់វា ឆ្ពោះទៅទិសខាងណា ហើយយើងអាចរត់គេចបាន ដូចនេះអ្នកធ្វើដំណើរតាមដែនសមុទ្រ កម្រជួបគ្រោះថ្នាក់ ដោយព្យុះនេះតិចតួច ជាងអ្នករស់នៅលើឆ្នេរសមុទ្រ ដែលទទួលរងគ្រោះបំផ្លិចបផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញ បានពន្យល់ថាៈ បើជួបព្យុះប្រមោយដំរីនេះ នៅលើដែនសមុទ្រ បងប្អូនត្រូវមើលពីដំណើរ របស់ព្យុះហើយ បើកទូក កប៉ាល់គេច ចេញ ភ្លាមៗជាបន្ទាន់ ដែលអាចធ្វើបាន សម្រាប់អ្នករស់នៅដែនគោក ក៏ត្រូវអនុវត្តរត់ គេច ចេញពីមុខព្យុះ ដូចគ្នាទើបអាចគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះព្យុះប្រមោយដំរីនេះ មានកម្លាំងខ្លាំងណាស់ /V-PC