ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៨នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដចំនួន៣គ្រឿងកើតឡើងនៅវេលាម៉ោង១១និង៣០នាទី នៅចំណុចចំណោទពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០៣–១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះចរាចរណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីទែនហ្គាស បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ និងបានរត់គេចចេញពីកន្លែងកើតហេតុ បានបើកទៅបុករថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 4A-1424 រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-5325 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។
ហេតុការណ៍នេះ បានធ្វើឱ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបញ្ជាក់ថា មានជនរងគ្រោះម្នាក់ ភេទប្រុសបានបាត់បង់ជីវិតនៅកន្លែងកើតហេតុនិងរបួសស្រាលធ្ងន់ ស្រាល មួយចំនួន។
កម្លាំងនគរបាលស្រុកភ្នំស្រួច បាននិងកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕/PC