ដោយ៖ ដេប៉ូ / ព្រះវិហារ៖ ភ្នំត្បែង គឺជាទឹកដីនៃក្តីស្រមៃដល់អ្នកទេសចរ ដែលចូលចិត្តកម្សាន្ត មើលសម្រស់ធម្មជាតិព្រៃភ្នំ និងក៏ជាទឹកដីដែលជាប្រវត្តិសាស្រ្ត យូរលង់របស់ខ្មែរមួយកន្លែងនេះ ក៏កំពុងបាន ទាក់ទាញលើជំនឿសាសនាថែមទៀត។

គ្របដណ្ដប់លើផ្ទៃដីជាង ២ម៉ឺន ៥ពាន់ ហិកតា «ភ្នំត្បែង» និងតាមរយៈទេសភាព ដ៏ស្រស់ត្រកាល និងបង្កប់ដោយជំនឿដ៏ស័ក្ដិសិទ្ធនេះដែរ បានជំរុញឲ្យភ្ញៀវទេសចរ មកលេងកម្សាន្ត នៅតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។

ទីកន្លែងនេះ ពោពេញទៅដោយ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដែលក្នុងនេះមាន ទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃច្រើនប្រភេទ រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុន និង ជាពិសេសជាងនេះទៀត គឺតំបន់ប្រវត្តិសាស្ត្រ ដែលព្រះមហាក្សត្រខ្មែរ កាលពីសម័យបុរាណ រៀបចំធ្វើពិធីនានា ខាងវិស័យសាសនា។

លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុង ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឱ្យដឹងថា៖ នៅសហគមន៍របស់លោក មានទីតាំងទឹកធ្លាក់ចំនួនជាង ១០ កន្លែង មានល្អាងភ្នំ ហើយក្រៅពីនេះ ក៏មានទីវត្តអារ៉ាមជាទីកន្លែង ទាក់ទាញលលើជំនឿសាសនា តំបន់ថ្មបីដុំ តំបន់ថ្មតាំងយូរ ដែលជាភាពល្បីល្បាញនៃ លោកតាសួង បានមកតាំង សមាធិ កាលពីមុនមក។

ប្រធានសហគមន៍រូបនេះ បានបញ្ជាក់ប្រាប់ថា៖ ភ្ញៀវទេសចរ មកកម្សាន្តទីនេះ មានលក្ខណៈ២ បែប គឺទីមួយ មកកម្សាន្តសប្បាយរីករាយ ជាមួយធនធានធនម្មជាតិ និងទី២ មកតាមលក្ខណៈអប៉ិយជំនឿ ដោយក្នុងនេះ គេអាចមក ដើម្បីបន់ស្រន់ សុំសេចក្តីសុខ សេចក្តីចម្រើន ពីព្រោះថា ទីកន្លែងនេះ គេមានជំនឿយ៉ាងខ្លាំង ទៅលើ លោកតាសួង ដែលជាអ្នកសច្ចំ លើភ្នំត្បែង។

លោក ចាន់ វ៉ាន់ ណូ បានឱ្យដឹងផងថា៖ តាមរយៈភ្ញៀវទេសចរនេះ បានធ្វើឱ្យប្រជា សហគមន៍ អាចរកចំណូលក្នុងការ បម្រើលើសេវាទេសចរណ៍ ដូចជា ជួយដឹកជញ្ជូន ឥវ៉ាន់ភ្ញៀវ ,លក់គ្រឿងភេសជ្ជៈ ធ្វើម្ហូបអាហារជូនភ្ញៀវទេសចរ ជាដើម។ ពួកគាត់ មាន ចំណូលប្រចាំថ្ងៃ ធ្វើឱ្យជីវភាពគ្រួសារ ធូរធាជាងមុន ហើយព្រមជាមួយគ្នានេះ ក៏បានបញ្ចប់ស្ទើរទាំងស្រុង ក្នុងការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ ដូចកាលពីមុនទៀត។

លោក ផាត កក្កដា ជាបុគ្គលិកនៃអង្គការអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា៖ បច្ចុប្បន្ន សត្វព្រៃ នៅតំបន់ភ្នំត្បែង ត្រូវបានការការពារ យ៉ាងម៉តចត់ ដោយក្នុងនេះ មានការចូលរួមទាំង ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន ធ្វើឱ្យយើងអាចរក្សាបាននូវ សត្វជាច្រើន ដូចជា ស្វាម្កុដ ស្វាព្រាហ្ម សត្វកែះ ជ្រូកព្រៃ សត្វពង្រូល និងសត្វព្រៃ ផ្សេងៗ​ជាច្រើនទៀត។ ក្រៅពីនេះ ក៏មានសត្វស្លាបច្រើនយ៉ាង នៅពេលធ្វើដំណើរ តាមផ្លូវ វាបានស្រែកសម្លេង ខ្ញៀវខ្ញារ ដូចបំពេ ឬតន្រ្តីតាមផ្លូវបានស្តាប់ ហើយធ្វើឱ្យ យើងទទួលអារម្មណ៍ សប្បាយរីករាយ។

លោកបានបញ្ជាក់ថា៖ ”សត្វព្រៃទាំងនេះ វាបានបង្ហាញខ្លួនម្តងម្កាលដែរ នៅពេលអ្នក ទេសចរ ដើរកម្សាន្តតាមព្រៃ។ បើយើងទៅគ្នាចំនួនតិចតួច យើងអាចជួបពួកវា តែបើទៅគ្នាច្រើន ឮសម្លេងអ៊ូអរ វាភ័យខ្លាច មិនហ៊ានមកក្បែរយើងឡើយ”។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងប្រាប់ថា៖ ទេសចរណ៍ ធម្មជាតិ​គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានជំរុញឱ្យមានការស្រឡាញ់ ធម្មជាតិ និងស្រឡាញ់ទឹកដី។ ជាមួយគ្នានេះ ទេសចរណ៍ ផ្សារភ្ចាប់ទឹកដី បានលើក កម្ពស់ជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដោយក្នុងនោះប្រជា សហគមន៍ បានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍ជីវភាព ក៏ដូចជា អភិវឌ្ឍន៍មូលដ្ឋាន។ ចំណូលដែលជាវិស័យទេសចរណ៍ ក្នុងស្រុក មួយភាគធំ និងទេសចរបរទេស បានស្គាល់ទឹកដីកម្ពុជា បានស្គាល់តំបន់ធនធានធម្មជាតិកម្ពុជា បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានដាក់​បញ្ចូលតំបន់ភ្នំត្បែងនេះ ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ តំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន ៥ស្រុក គឺស្រុកគូលែន សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង ៕/V/r