ដោយៈ មុនីរ័ត្ន/ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា នៅក្នុងជំនួបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានបញ្ជាក់ថា វិស័យពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានាដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕សរន