ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបំពេញទស្សនកិច្ច ពិនិត្យដំណើរការបង្រៀននិងរៀន ក្រោមគម្រោងកែលម្អការអប់រំចំណេះទូទៅ នៅវិទ្យាល័យ ហ៊ុនសែន ខ្លាកូន នាវិថី៧ មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អញ្ជើញទទួលបដិសណ្ឋារកិច្ចប្រតិភូ រួមមាន លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា (ដែលជាអតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡា) លោក លី សុវណ្នារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហការី គណៈ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែន ខ្លាកូន។

បន្ទាប់ពីបានរាយការណ៍ អំពីស្ថានភាពទូទៅ នៃវិទ្យាល័យរបស់ខ្លួនរួចមក លោក សុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន បានសំណូមពរក្រសួង ដើម្បីជួយកសាង អគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង ១០ បន្ទប់ផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថាៈ លោកសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះសាលាដែលបានខិតខំ ក្នុងការអនុវត្តគម្រោង រហូតទទួលបាននូវលទ្ធផលសិក្សា របស់សិស្ស បានល្អប្រសើរ ដោយមានការចូលរួម និងមានការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធ ហើយលោកក៏បានវាយ តម្លៃ ចំពោះវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ថាបានអនុវត្តកម្មវិធីក្រោមគម្រោងកែលម្អ ការអប់រំចំណេះទូទៅ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ។ ជាពិសេស កត្តាដែលនាំឱ្យសាលារៀន មានការប្រែប្រួល គឺដោយសារការលើកកម្ពស់ការបង្រៀន និងរៀន តាមរយៈការប្រជុំក្រុមបច្ចេកទេសទៀងទាត់ ការធ្វើថ្នាក់និទស្សន៍ និងការចុះធ្វើ អធិការកិច្ចរបស់គណៈគ្រប់គ្រងសាលារៀន, ទំនាក់ទំនងល្អជាមួយសហគមន៍ មាតាបិតា ឱ្យជួយគាំទ្រសាលារៀន, ការពង្រឹងវិន័យ ដោយបានចាត់តាំងក្រុមកាយរឹទ្ធិ យុវជនកាកបាទក្រហម និងក្រុមប្រឹក្សាយុវជន ជួយទាំងការងារវិន័យ បរិស្ថាន និងពលកម្ម សម្អាតទីធ្លាសាលារៀន ជាដើម។

លោកបណ្ឌិតសភាចារ្យ បានបន្តថាៈ លោកសូមថ្លែងអំណរគុណដល់មន្ត្រីគ្រប់គ្រង គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុនសែន ខ្លាកូនទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា បំពេញតួនាទី ភារកិច្ច យ៉ាងសកម្ម ធ្វើឱ្យការងារអប់រំ យុវជន និងកីឡា នៅក្នុងខេត្ត សម្រេចបានលទ្ធផល ជាទីគាប់ចិត្ត៕ V / N