ដោយៈសុផល / ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់ របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិក គណៈកម្មការនានានៃរដ្ឋសភា។
សូមជម្រាបថា គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា មាន ៖
១- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
៦- គណៈកម្មការនីតិកម្ម និងយុត្តិធម៌
៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
៩- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១០- និងគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ៕ V / N