ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

1085
ចែករម្លែក

​ភ្នំពេញ​: នៅ​ថ្ងៃទី​២៩​កក្កដា​នេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។​

​ជើង​ខ្លាំង ៤​រូប នឹងត្រូវ​ប្រជែង​គ្នា​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​រង្វាន់​អម​ចំនួន ៤.០០០​ដុល្លារ​។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ អ្នក​ប្រដាល់ មាស សុជាតិ ក្លឹប​ក្រុង​ប៉ោយប៉ែត ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុ​យ វណ្ណៈ មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​។​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិនមែនជា​វគ្គ​មួយ ដែល​ងាយស្រួល​នោះទេ ព្រោះ​អ្នក​ដែល​ឡើង​មកដល់​វគ្គ​នេះ សុទ្ធតែ​ឆ្លងកាត់​ការប្រកួត​ជម្រុះ ៣​វគ្គ​មកហើយ​។ សុជាតិ កាល​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​ឈ្នះ ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​នៅ​ទឹក​ទី​២​។ នៅ​ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ប្រកួត​ឈ្នះ ថន វាសនា ក្លិប​នាគរាជ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​។​

​ចំពោះ ពុ​យ វណ្ណៈ វិញ​កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​ឈ្នះ​អ្នក​ប្រដាល់ ថា សា​រ៉ែ​ម ក្លិប​ពន្លឺ​ណេ​អុង ដោយ​ពិន្ទុ​នៅ​ជុំ​ទី​២ ឈ្នះ ប្រាក់ រស្មី ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដោយ​ពិន្ទុ​ដែរ ហើយ​នៅ​ជុំ​ទី​៣ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឡុង ឡា ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទឹក​ទី​២​។​

​ពេលនេះ​ជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជ័យជំនះ​ជា​របស់ មាស សុជាតិ ឬ ពុ​យ វណ្ណៈ​? អ្នកឈ្នះ​នឹង​ឡើង​វ៉ៃ​វគ្គ​ផ្ដាច់ព្រ័ត្រ ឯ​អ្នកចាញ់​វ៉ៃ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​ក្រសួងការពារជាតិ ជួប​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ សំបុរ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​។​

​នៅក្នុង​វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​១ សុវណ្ណ ឈ្នះ​អ្នក​ប្រដាល់ ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។ នៅ​ជុំ​ទី​២ ឈ្នះ ឆាំ រ៉ែ​ម ក្លិប​ពន្លឺ​ណេ​អុង​ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​។ ចំពោះ​ពុទ្ធ សំបូរ វិញ​នោះ​នៅ​ជុំ​ទី​១ គេ​ឈ្នះ ផៃ ក្រៃ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ជុំ​ទី​២ ឈ្នះ ឌុន ប៊ុនធឿន ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ សៅ វណ្ណា ក្លិប​សុភា​នូ​មានជ័យ ដោយ​ពិន្ទុ​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ នរណា​ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​?

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​នេះ ឡៅ ផា​នាថ ក្លិប​ម្កុដ​រាជសីហ៍​ជួប​ជាមួយ ចេង គា ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។ អេ សា​រ័ត្ន ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ដោយ​៖ រ៉ូ​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម