ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ លក្ខខណ្ឌអាកាសធាតុខុសប្រក្រតី រួមទាំងខែសីហាស្ងួតបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍ បានធ្វើឱ្យតម្លៃម្ហូបអាហារកើនឡើងលើសពី ១១% នៅក្នុងប្រទេសឥណ្ឌា ដែលជាតួអង្គសំខាន់ក្នុងពាណិជ្ជកម្មកសិ-ពាណិជ្ជកម្មពិភពលោក។
ខណៈតម្លៃប៉េងប៉ោះទើបតែចាប់ផ្តើមចុះថោកបានបន្តិច ខ្ទឹមបារាំងបានឡើងថ្លៃមួយភាគបួនចាប់តាំងពីខែមិថុនានៅទីផ្សារក្នុងស្រុក។ ហើយសណ្តែកសៀង ដែលជាធាតុផ្សំធ្វើស៊ុបដ៏សំខាន់របស់ឥណ្ឌាំ បានឡើងថ្លៃជាងមុន២០% តាំងពីដើមឆ្នាំ។
សេដ្ឋវិទូខ្លះនិយាយថា ឥណ្ឌាមាន “បញ្ហាគ្រឿងការី” ដោយសារតម្លៃគ្រឿងទេសបែបនេះបានឡើងថ្លៃមួយភាគបីក្នុងខែកក្កដាតែឯង។
ជាមួយនឹងការបោះឆ្នោតរដ្ឋសំខាន់ៗមួយចំនួនគ្រោងធ្វើក្នុងឆ្នាំនេះនិងការបោះឆ្នោតទូទៅដ៏ធំនឹងកើតឡើងនៅរដូវក្តៅឆ្នាំក្រោយ រដ្ឋាភិបាលឥណ្ឌាបានធ្វើសកម្មភាពយ៉ាងក្លៀវក្លា ដោយបញ្ចេញវិធានការមួយចំនួនដើម្បីទប់ទល់នឹងអតិផរណាស្បៀងអាហារ។
បន្ទាប់ពីការហាមឃាត់ការនាំចេញស្រូវសាលីក្នុងខែឧសភា ឆ្នាំ ២០២២ ឥណ្ឌាបានប្រកាសបញ្ឈប់ភ្លាមៗនូវការនាំចេញអង្ករសមិនមែនបាស្មាទី (non-basmati) កាលពីខែមុន។ ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុបានយកពន្ធ ៤០% លើខ្ទឹមបារាំងដើម្បីបង្អាក់ការនាំចេញទៅក្រៅប្រទេស និង កែលម្អការផ្គត់ផ្គង់ក្នុងស្រុក។
ជាមួយនឹងផលិតកម្មស្កររំពឹងធ្លាក់ចុះក្នុងឆ្នាំនេះ “លទ្ធភាពនៃការហាមឃាត់ការនាំចេញស្ករសក៏បានកើនឡើងផងដែរ” នេះបើយោងតាមលោកស្រី រ៉ាចនី ស៊ីនហា (Rajni Sinha) ប្រធានសេដ្ឋកិច្ចនៅក្រុមហ៊ុន CareEdge Group ។
ក្រុមអ្នកវិភាគបាននិយាយថា រដ្ឋាភិបាលអាចបង្កើនការឆ្លើយតបរបស់ខ្លួនជាមួយនឹងវិធានការបន្ថែមនៅពេលខាងមុខ។ ឧទាហរណ៍ជាក់ស្តែង ដោយហេតុថាការរឹតបន្តឹងការនាំចេញជាបន្តបន្ទាប់លើអង្ករនៅមិនទាន់បានធ្វើឱ្យអតិផរណាតម្លៃអង្ករក្នុងស្រុកស្រុតចុះ “រដ្ឋាភិបាលអាចស្វែងរកការហាមឃាត់ទូលំទូលាយជាងនេះ” នេះបើយោងតាមក្រុមហ៊ុនឈ្មួញកណ្តាលពិភពលោក Nomura និយាយនៅក្នុងកំណត់ចំណាំថ្មីៗនេះ។
ដូច្នេះ តើឥណ្ឌា ដែលការពារតម្លៃទំនិញក្នុងស្រុកយ៉ាងខ្លាំងក្លា កំពុងប្រថុយនាំចេញអតិផរណាអាហារទៅកាន់ពិភពលោកមែនទេ?
វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយម្ហូបអាហារអន្តរជាតិ (IFPRI) ជឿថាវាពិតជាប្រថុយធ្វើឱ្យឡើងថ្លៃម្ហូបអាហារលើពិភពលោកមែន ជាពិសេស អង្ករ ស្ករ និងខ្ទឹមបារាំង។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ឥណ្ឌាបានក្លាយជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក ដោយកាន់កាប់ចំណែកទីផ្សារ ៤០% និង ជាប្រទេសនាំចេញស្ករសនិងខ្ទឹមបារាំងធំបំផុតទីពីរ។
សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អ.ស.បបានកើនឡើង ២,៨% ក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១១ ដែលត្រូវបានជំរុញភាគច្រើនដោយការឡើងថ្លៃពូជអង្ករ Indica ដែលឥណ្ឌាហាមនាំចេញ។ FAO បាននិយាយថា នេះបានបង្កើន “សម្ពាធខ្លាំងឡើង” លើតម្លៃអង្ករពីតំបន់ផ្សេងៗ។
លោក យ៉ូសេប ដាប់ប៊លយូ ក្លូបឺ (Joseph W Glauber) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន IFPRI បានប្រាប់ BBC ថា “ចាប់តាំងពីការហាមឃាត់ត្រូវបានប្រកាសកាលពីចុងខែមុន តម្លៃអង្ករថៃបានកើនឡើង ២០%”។
ផលប៉ះពាល់នៃបញ្ហានេះ ជាពិសេសទៅលើប្រទេសក្រីក្ររបស់ពិភពលោក អាចមានការបំផ្លិចបំផ្លាញខ្លាំង ខណៈអសន្តិសុខស្បៀងគឺកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុង “តំបន់អត់ឃ្លានបំផុត” ចំនួន ១៨ ដែលកំណត់ដោយអង្គការ FAO និងអង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អ.ស.ប។
អង្ករគឺជាផ្នែកមួយនៃរបបអាហារចម្បងដែលមានចំណែកនៃកាល់ឡូរីដ៏ធំធេងរបស់មនុស្សរាប់លាននាក់នៅទូទាំងអាស៊ីនិងអាហ្វ្រិក។ ហើយប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ទីផ្សារទាំងនេះ។
ប្រទេសចំនួន៤២ នៅអាស៊ីនិងអនុតំបន់សាហារ៉ាអាហ្វ្រិកបាននាំចូលអាហារសរុប៥០% ពីប្រទេសឥណ្ឌា ដោយប្រទេសខ្លះមានដល់ទៅ៨០% នេះយោងតាមវិទ្យាស្ថាន IFPRI ហើយចំណែករបស់វាមិនអាច “ជំនួសបានដោយងាយស្រួលជាមួយនឹងការនាំចូលពីប្រទេសនាំចេញធំៗផ្សេងទៀតដូចជា វៀតណាម ថៃ ឬ ប៉ាគីស្ថាននោះឡើយ”។
ការឡើងថ្លៃម្ហូបអាហារពិភពលោកក៏អាចមានផលប៉ះពាល់ផ្សេងទៀតនៅក្នុងប្រទេសទាំងនេះផងដែរ ដូចជា ការនាំចូលម្ហូបអាហារមានតម្លៃខ្ពស់ ដោយនាំឱ្យមានការប្រើប្រាស់រូបិយប័ណ្ណបរទេសដែលមានតម្លៃ “ដូច្នេះតុល្យភាពនៃការទូទាត់នឹងកាន់តែអាក្រក់ និងរួមចំណែកដល់អតិផរណា” នេះបើយោងតាមលោក អូផាលី ហ្គាល់កេទី (Upali Galketi) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅផ្នែកទីផ្សារនិងពាណិជ្ជកម្មរបស់អង្គការ FAO ។
ប៉ុន្តែការឡើងថ្លៃម្ហូបអាហារពិភពលោកមិនអាចស្តីបន្ទោសតែលើសកម្មភាពរបស់ឥណ្ឌាមួយមុខបានទេ។ ការបញ្ចប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និង ស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅទូទាំងពិភពលោកក៏ជាកត្តារួមចំណែកដ៏សំខាន់ផ្សេងទៀតផងដែរ។
តែទោះយ៉ាងណា លោកហ្គាល់កេទីបានប្រាប់ BBC ថា ការរួបរួមគ្នានៃថាមវន្តទីផ្សារទាំងនេះបាន “លុបចោលនិន្នាការធ្លាក់ចុះនៃតម្លៃអាហារអន្តរជាតិ ដែលបានសង្កេតឃើញតាំងពីពាក់កណ្តាលឆ្នាំមុន”។
តម្លៃអាហារសកលកំពុងស្ថិតនៅកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដូចជាប្រទេសចិនក៏ដោយ។ រឿងនេះកំពុងដាក់សម្ពាធលើតម្លៃម្ហូបអាហារអន្តរជាតិដោយសារតែតម្រូវការស្ងាត់ស្ងៀមពីទីកន្លែងទាំងនេះ។
ធនាគារពិភពលោករំពឹងថា សន្ទស្សន៍តម្លៃម្ហូបអាហាររបស់ខ្លួននឹងទាបជាងជាមធ្យមក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ ដែលជំរុញដោយតម្លៃប្រេង និងគ្រាប់ធញ្ញជាតិកាន់តែទាបជាងមុន។ ប៉ុន្តែអ្នកវិភាគនិយាយថា គន្លងតម្លៃនាពេលអនាគតគឺអាស្រ័យលើផលប៉ះពាល់នៃបាតុភូតអាកាសធាតុ អែល នីណូ (El Niño) ជាអ្វីដែលអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយនិងដាក់សម្ពាធបន្ថែមទៀតលើទីផ្សារម្ហូបអាហារ។
ចំពេលមានភាពមិនប្រាកដប្រជាបែបនេះ ការអំពាវនាវឱ្យឥណ្ឌាលុបចោលការហាមឃាត់របស់ខ្លួនលើការនាំចេញទំនិញស្បៀងសំខាន់ៗបានលេចចេញពីផ្នែកផ្សេងៗជាច្រើន រួមទាំងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។
អ្នកវិភាគនៅក្រុមហ៊ុន Nomura និយាយថា ក្រៅពីរួមចំណែកដល់អតិផរណាស្បៀងអាហារពិភពលោក “ការហាមឃាត់ការនាំចេញក៏មានចំណុចអវិជ្ជមានខាងក្រៅផ្សេងទៀតដែរ ដូចជាការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ឥណ្ឌាក្នុងនាមជាអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និង រារាំងកសិករពីការទទួលបានអត្ថប្រយោជន៍ពីតម្លៃថ្លៃជាសកល”។
“ការរឹតបន្តឹងពាណិជ្ជកម្មក៏អាចធ្វើឱ្យខូចវដ្តតម្លៃផងដែរ។ ឧទាហរណ៍ អតិផរណាខ្ពស់ក្នុងឆ្នាំ ២០១៥-១៦ បាននាំឱ្យឥណ្ឌាបង្កើនការនាំចូលយ៉ាងខ្លាំង ប៉ុន្តែខ្យល់មូសុងធម្មតានិងផលិតកម្មក្នុងស្រុកខ្លាំងក្លាក្នុងឆ្នាំបន្តបន្ទាប់ បាននាំឱ្យមានការផ្គត់ផ្គង់លើស ហើយតម្លៃស្បៀងបានធ្លាក់ចូលទៅក្នុងបរិផរណារហូតដល់ឆ្នាំ ២០១៧-១៨”។
អ្នកផ្សេងទៀតដូចលោកក្លូបឺដែរបានព្រមានថា “ប្រទេសនាំចូលអាចជ្រើសរើសស្វែងរកដៃគូដែលគួរឱ្យទុកចិត្តជាងនេះ ប្រសិនបើអត្ថប្រយោជន៍នៃការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់មានខ្ពស់ជាងការគិតគូរអំពីតម្លៃ”។
ប៉ុន្តែយោងទៅតាម FAO ការគំរាមកំហែងដ៏សំខាន់បំផុតគឺចេញមកពីលទ្ធភាពនៃបណ្តាប្រទេសជាច្រើនទៀតងាកទៅរកការរឹតបន្តឹងការនាំចេញ ដែលនឹង “ធ្វើឱ្យខូចទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មសកល”។
ទោះយ៉ាងណា អ្នកខ្លះនិយាយថា នយោបាយនិងការតាំងចិត្តក្នុងការបង្កើនភាពគ្រប់គ្រាន់នៃអាហារដោយខ្លួនឯង នឹងមានទម្ងន់ធ្ងន់ជាងការគិតគូរដល់ប្រទេសដទៃនៅក្នុងប្រទេសឥណ្ឌា ជាពិសេសក្នុងអំឡុងពេលដ៏រសើបខាងនយោបាយ។
កាលពីមុនតម្លៃខ្ពស់នៃដំណាំនានាដូចជាខ្ទឹមបារាំងបាននាំឱ្យអ្នកនយោបាយចាញ់ក្នុងការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដោយបានជាន់កបន្ថែមពីលើការស្ទុះងើបឡើងវិញយឺតយ៉ាវនៃការប្រើប្រាស់។ ថ្លៃដើមខ្ពស់នៃអាហារ ដែលបានបង្កើនចំណែកដ៏ធំនៃការចំណាយជាមធ្យមរបស់ជនជាតិឥណ្ឌា អាចនឹងបំផ្លាញចំណូលថែមទៀតនៅមុនរដូវបុណ្យនាពេលខាងមុខ ហើយនឹងរារាំងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
ធនាគារកណ្តាលរបស់ឥណ្ឌាបានដំឡើងអត្រាការប្រាក់ចំនួនប្រាំមួយដងរួចមកហើយ ហើយអាចដំឡើងបន្ថែមទៀតដើម្បីគ្រប់គ្រងអតិផរណាស្បៀងអាហារ ដោយហេតុថានេះគឺជាបញ្ហាដែលកើតចេញពីការផ្គត់ផ្គង់។
ដូច្នេះ រដ្ឋាភិបាលនៅសល់មធ្យោបាយដោះស្រាយតិចតួចណាស់ក្រៅតែពីការដាក់កំហិតផ្នែកពាណិជ្ជកម្ម។
លោកស្រីស៊ីនហានិយាយថា “ប្រទេសទាំងអស់នៅពេលនេះគឺផ្តោតលើការគ្រប់គ្រងអតិផរណានៅក្នុងសេដ្ឋកិច្ចរៀងៗខ្លួន។ ខ្ញុំចង់និយាយថា ឥណ្ឌាក៏ត្រូវថែរក្សាផលប្រយោជន៍របស់ខ្លួនផងដែរ មុនពេលប្រទេសនេះចាប់ផ្តើមព្រួយបារម្ភអំពីអតិផរណារបស់ពិភពលោក”៕
តម្លៃខ្ទឹមបារាំងកំពុងហក់ឡើងខ្ពស់នៅឥណ្ឌា