ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលក្រុងព្រះសីហនុជូន​ដំណឹង​ស្តីពីការ​រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនិងអនាម័យបរិស្ថាន នៅឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយនៅថ្ងៃទី០១ខែកញ្ញានេះរដ្ឋបាលក្រុងព្រះសីហនុ​បានចុះរៀបចំសម្អាតឆ្នេរនេះ បន្ទាប់ពីអ្នកពាក់ព័ន្ធបានរុះរើនិង​ដឹកជញ្ជូន សម្ភារៈចេញអស់ពីលើឆ្នេរតាមការជូនដំណឹងរួចមក។

លោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យ​រស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ថាការរៀបចំសណ្តាប់ធ្នាប់នៅលើឆ្នេរព្រែកត្រែង ប្រជាពល រដ្ឋដែលមានការពាក់ព័ន្ធបានចូល​រួមអនុវត្ត​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងដោយមក​ដល់​ថ្ងៃទី០១ខែកញ្ញានេះ គាត់បាននាំគ្នារុះរើសំណង់មិនរៀបរយនិង​យកសម្ភារៈចេញអស់ពីលើឆ្នេរព្រែកត្រែងហើយ។ក្រុមការងាររដ្ឋបាល​ក្រុងបាននឹងកំពុងធ្វើការសម្អាតឆ្នេរសាធារណៈនេះឱ្យមានសណ្តាប់ធ្នាប់និងបរិស្ថានល្អដូចជាឆ្នេរផ្សេងៗទៀតដែលមាននៅក្នុងក្រុងព្រះសីហនុ។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ បានសរសេរថារដ្ឋបាលក្រុង ព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន​ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសង់រោងតូបនិងបាន​ដាក់ខ្យូស ចល័តមិនរៀបរយនៅលើដីឆ្នេរសាធារណៈ ស្ថិតនៅឆ្នេរ​ព្រែកត្រែង​សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជ្រាបថា​ការសាងសង់សំណង់មិនរៀបរយរបស់បងប្អូនបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាពនិងអនាម័យបរិស្ថាន​នៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុកំពុងទទួលបាន​ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេខកម្សាន្តកើនឡើងជាបន្តបន្ទាប់។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាក្នុងគោលបំណងរៀបចំឆ្នេរព្រែកកត្រែងឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេងកម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ សោភ័ណភាពនិងអនាម័យបរិស្ថានល្អប្រសើរ រដ្ឋបាល​ក្រុងព្រះសីហនុសូមធ្វើការណែនាំដល់បងប្អូនប្រជាពល រដ្ឋដែល​មានការពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់សកម្មភាពសាងសង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃ(១៤សីហា)ជូនដំណឹងនេះតទៅ។ ត្រូវរុះរើសំណង់មិនរៀបរយដោយស្មគ័្រចិត្តនិងជញ្ជូនយកចេញឱ្យអស់ពីទីតាំងនៅមុនថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ជាកំហិត។ ផុតកាលបរិច្ចេទកំណត់ខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះរើដោយមិទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈឡើយ៕សរន/r