ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ស្តេចថៃបានបន្ថយទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាតពីការជាប់គុកប្រាំបីឆ្នាំមកនៅត្រឹមជាប់គុកមួយឆ្នាំ នេះបើតាមរាជកិច្ចថៃបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រទី១កញ្ញា នៅមួយថ្ងៃក្រោយមហាសេដ្ឋីរូបនេះដាក់ពាក្យសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
ថាក់ស៊ីន វ័យ៧៤ឆ្នាំ បានវិលមកដល់ថៃកាលពីខែមុន ក្រោយចំណាយពេលរស់នៅដោយនិរទេសខ្លួនក្រៅប្រទេសអស់១៥ឆ្នាំ ដើម្បីគេចពីការចាប់ខ្លួនដាក់គុកចំពោះបទចោទប្រកាន់រំលោភអំណាចក្នុងពេលលោកនៅជានាយករដ្ឋមន្រ្តី។លោកបានមកដល់តាមយន្តហោះឯកជនមួយ និងត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារមួយភ្លាមដើម្បីបំពេញទោសជាប់គុកប្រាំបីឆ្នាំ។តែក្នុងយប់ដំបូងនៅក្នុងបន្ទប់គុក លោកត្រូវបានផ្ទេរទៅកាន់បន្ទប់ឯកជនមួយនៃមន្ទីរពេទ្យប៉ូលិសមួយដោយសារតឹងទ្រូងនិងសម្ពាធឈាមឡើង។
រាជកិច្ចបាននិយាយនៅថ្ងៃសុក្រថា ថាក់ស៊ីន «ធ្លាប់ជានាយករដ្ឋមន្ត្រី បានធ្វើល្អសំរាប់ប្រទេសនិងប្រជាជន ព្រមទាំងស្មោះនឹងរបបរាជានិយម។លោកបានគោរពដំណើរការច្បាប់ សារភាពទទួលកំហុស សោកស្តាយនិងព្រមទទួលយកសាលក្រមតុលាការ។ឥឡូវ លោកចាស់ហើយ មានជំងឺដែលត្រូវការមើលថែពីគ្រូពេទ្យឯកទេស»។
ថាក់ស៊ីន ជាបុគ្គលមានឥទ្ធិពលបំផុត តែក៏បង្កការបែកបាក់ម្នាក់នៅក្នុងប្រវត្តិសាស្ត្រថៃសម័យទំនើប។ស្រឡាញ់ដោយប្រជាជនថៃរាប់លាននាក់នៅជនបទដោយសារតែគោលនយោបាយប្រជានិយមរបស់លោកនៅដើមទសវត្សរ៍ឆ្នាំ២០០០ តែត្រូវបានស្ថាប័នជាន់(អាមាត្យ)លើដែលគាំទ្រយោធានិងរាជានិយមមិនពេញចិត្តនិងមានការប្រយ័ត្នប្រយែងដោយសារតែប្រជាប្រិយភាពរបស់លោក ហើយបានចំណាយពេលពីរទសវត្សរ៍ផាត់រូបលោកនិងសម្ពន្ធមិត្តចេញពីអំណាច។
ការវិលចូលស្រុករបស់លោកដោយស្រួលៗត្រូវបានអ្នកតាមដានសភាពការណ៍យល់ឃើញថាជាការដោះដូរជាមួយនឹងកិច្ចសហការរបស់គណបក្សភឿថៃដែលស្និទ្ធនឹងលោកថាក់ស៊ីន ជាមួយបណ្តាគណបក្សគាំទ្រយោធាកំពុងកាន់អំណាចមួយចំនួនដើម្បីបង្កើតរដ្ឋាភិបាលចំរុះថ្មីមួយជាមួយគ្នា និងបញ្ចប់ការជាប់គាំងនយោបាយអស់បីខែក្រោយការបោះឆ្នោតកាលពីខែឧសភា។
លោកបានដាក់ពាក្យសុំព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃព្រហស្បតិ៍ និងនៅថ្ងៃសុក្រនេះត្រូវបានស្តេចបន្ថយទោសមកនៅត្រឹមជាប់គុកមួយឆ្នាំ ដូច្នេះរយៈពេលស្ថិតក្នុងការឃុំឃាំងសំរាប់លោកថាក់ប្រហែលមិនយូរទេព្រោះច្បាប់ថៃតំរូវអោយអ្នកទោសត្រូវបំពេញទោសជាប់គុកយ៉ាងតិចមួយភាគបីសិននៃទោសសរុបរបស់ខ្លួន ទើបអាចទទួលការលើកលែងទោសបាន៕
ស្តេចថៃមានបន្ទូលថា ថាក់ស៊ីនធ្លាប់ធ្វើល្អសំរាប់ប្រទេសនិងស្មោះនឹងរបបរាជានិយម