ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រួសាររបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា លោក ម៉ូហាម៉េដ អាល់ ហ្វាយ៉េដ (Mohamed Al Fayed) ជាអ្នកជំនួញដើមកំណើតអេហ្ស៊ីបដ៏ឆ្នើម ដែលកូនប្រុសរបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយម្ចាស់ក្សត្រិយ៍ដាយអាណា បានទទួលមរណភាពក្នុងសប្តាហ៍នេះ ។ គាត់មានអាយុ ៩៤ ឆ្នាំ។
លោក អាល់ ហ្វាយ៉េដ ដែលជាម្ចាស់ផ្សារទំនើប Harrods ជាយូរយារណាស់មកហើយ និងម្ចាស់ក្លិបបាល់ទាត់ Fulham បានខូចចិត្តជាខ្លាំងចំពោះការស្លាប់កូនប្រុស ឈ្មោះ ដូឌី ហ្វាយ៉េដ (Dodi Fayed) ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីសជាមួយម្ចាស់ក្សត្រិយ៍ដាយអាណាកាលពី២៦ ឆ្នាំមុន។ គាត់បានចំណាយពេលជាច្រើនឆ្នាំដើម្បីកាន់ទុក្ខចំពោះការបាត់បង់នេះ និង តស៊ូប្រឆាំងនឹងស្ថាប័នរបស់ចក្រភពអង់គ្លេស ដែលគាត់បានស្តីបន្ទោសចំពោះការស្លាប់របស់ពួកគេ។
ក្រុមគ្រួសាររបស់គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្លិប Fulham ថា “លោកស្រី ម៉ូហាម៉េដ អាល់ ហ្វាយ៉េត កូនៗ និងចៅៗរបស់លោកស្រីចង់បញ្ជាក់ថា ស្វាមីជាទីស្រលាញ់ ឪពុក និងជីតារបស់ពួកគេ ម៉ូហាម៉េដ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣គាត់បានរីករាយនឹងការចូលនិវត្តន៍ដ៏យូរនិងពេញលេញដោយហ៊ុមជុំវិញដោយមនុស្សជាទីស្រឡាញ់របស់គាត់”។
លោក អាល់ ហ្វាយ៉េដ ជឿជាក់ថា ដូឌី និង ព្រះនាងដាយអាណា ត្រូវបានសម្លាប់នៅក្នុងផែនការឃុបឃិតមួយ ដែលរៀបចំដោយព្រះអង្គម្ចាស់ហ្វីលីព ដែលជាស្វាមីរបស់ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២។ គាត់នៅតែអះអាងថាគ្រួសាររាជវង្សជាអ្នករៀបចំឧបទ្ទវហេតុនេះឡើង ដោយសារតែពួកគេមិនចូលចិត្តដាយអាណាណាត់ជួបជាមួយជនជាតិអេហ្ស៊ីប។ លោកអាល់ហ្វាយ៉េដបានអះអាងថា ដាយអាណាមានផ្ទៃពោះ ហើយគ្រោងនឹងរៀបការជាមួយដូឌី ហើយថាគ្រួសាររាជវង្សមិនអាចប្រឈមមុខនឹងព្រះនាងដែលរៀបការជាមួយមូស្លីមបានទេ។
ក្នុងឆ្នាំ ២០០៨ លោក អាល់ ហ្វាយ៉េដ បានប្រាប់ភ្នាក់ងារស៊ើបអង្កេតអំពីបញ្ជីនៃអ្នកសមគំនិតរួមមានព្រះអង្គម្ចាស់ហ្វីលីព អតីតមេប៉ូលិសក្រុងឡុងដ៍ពីរនាក់ និងភ្នាក់ងារ CIA ។
ការស៊ើបអង្កេតបានសន្និដ្ឋានថា ដាយអាណានិងដូឌីបានស្លាប់ដោយសារតែសកម្មភាពមិនប្រុងប្រយ័ត្នរបស់អ្នកបើកបររបស់ពួកគេ គឺបុគ្គលិកសណ្ឋាគារ Ritz ដែលជាកម្មសិទ្ធិរបស់លោក អាល់ ហ្វាយ៉េដ និង ក្រុមអ្នកប្រមាញ់រូបថត ដែលដេញតាមគូស្នេហ៍នេះ។ ការស៊ើបអង្កេតដាច់ដោយឡែកនៅក្នុងចក្រភពអង់គ្លេស និងបារាំងក៏បានសន្និដ្ឋានដែរថាមិនមានការសមគំនិតអ្វីនោះដែរ៕
លោក ម៉ូហាម៉េដ អាល់ ហ្វាយ៉េដ