ដោយៈសុក្ខារិន / ពោធិ៍សាត់: រថយន្តតូយ៉ូតា ហាយយ៉ាស ដឹកអ្នកដំណើរ បានបើកបរ ក្នុងល្បឿនលឿន ពេលមេឃ កំពុងធ្លាក់ភ្លៀង បានប្រើប្រាស់ល្បឿនលឿន មកដល់ផ្លូវកោង ក៏ជាន់ហ្វ្រាំង រអិលក្រឡាប់រថយន្ត ទៅបុកបង្គោលភ្លើង កណ្ដាល ទ្រូងផ្លូវ បណ្តាលឱ្យមនុស្សប្រុស ស្រី របួសធ្ងន់ស្រាល ៨ នាក់ ក្នុងចំណោមនោះ បានស្លាប់ម្នាក់ នៅពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តពោធិសាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១ កញ្ញា ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥០ និង ១៥១ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សី ដែលបានឃើញហេតុការណ៍នោះ បានឱ្យដឹងថាៈ ក្នុងពេលមេឃដែល កំពុងធ្លាក់ភ្លៀង មានរថយន្ដម៉ាកតូយ៉ូតា ហាយយ៉ាស មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC. 8834 បានដឹកអ្នកដំណើរ ដោយបើកបរពីទិសខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកខឿន និងបោកផ្ទប់បង្គោលភ្លើង បំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន៨នាក់ រងរបួសធ្ងន់និងស្រាល ហើយក្នុងចំណោម នោះ បានស្លាប់ម្នាក់ នៅពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តពោធិសាត់ ។

ករណីដ៏រន្ធត់ខាងលើនេះ លោកអភិបាលខេត្ត បានដឹកនាំកម្លាំសមត្ថកិច្ច ចុះជួយ សម្រួលការកកស្ទះចរាចរណ៍ លើដងផ្លូវ និងអន្តរាគមន៍ ហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យ ដឹកយកជនរងគ្រោះ ទៅព្យាបាល។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការស្រុកក្រគរ បានឲ្យដឹងថាៈ ក្រោយពេលកើត ហេតុភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ស្រុក មកដល់កន្លែងកើតហេតុ ហើយវត្តមានលោកអភិបាលខេត្តពោធិ៍សាត់ ក៏បានចុះជួយ និងអន្តរាគមន៍ផ្ទាល់ ដល់ជនរងគ្រោះ ដឹកតាមរថយន្តសង្រ្គោះ ទៅកាន់មន្ទីរពេទ្យ ដោយអ្នករបួសធ្ងន់ ទៅមន្ទីពេទ្យខេត្ត និងអ្នករបួសស្រាល បញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ ហើយ ជនរងគ្រោះទាំង ៨ នាក់ ផ្នែកជំនាញ បានកំពុងចុះស្រង់អត្តសញ្ញាណរបស់ពួកគាត់ ដោយឡែក អ្នកបើកបរបានរត់គេចខ្លួន ខាងជំនាញ យើងកំពុងធ្វើកិច្ចការនេះ។

ប្រភពព័ត៌មានចុងក្រោយ ដែលទទួលបានពីសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាន នគបាល ខេត្តពោធិសាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ កញ្ញានេះថាៈ អ្នកដែលរងរបួស មាន៖ ១ ឈ្មោះ លី ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ , ២.ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ , ៣.ឈ្មោះ ទីវិណា អាយុ៤៣ឆ្នាំ ភេទស្រី រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ រងរបួសធ្ងន់ , ៤.ឈ្មោះ គីម ផាត់ អាយុ២៨ឆ្នាំ ភេទស្រី រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង រងរបួសធ្ងន់ , ៥.ឈ្មោះ នឿន ស្រីណាក់ អាយុមិនដឹង តែរស់នៅឈ្នួលកោង រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ , ៦.ឈ្មោះ អ៊ុល វាសនា អាយុ៤០ឆ្នាំ បានស្លាប់ នៅពេលដែល បញ្ជូនដល់មន្ទីពេទ្យ , ៧.ឈ្មោះ សាវន ឆវ័ន អាយុ២១ឆ្នាំ រស់នៅម៉ក់ហឺ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសស្រាល និង៨. ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរចា ឃុំអូរចា ក្រុងបាតដំបង រងរបួសស្រាល៕/V/r