ដោយៈប.ជ័យ / បន្ទាយមានជ័យៈ យុវជនជាប់សង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាុយមានជ័យ ឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈនៅទីប្រជុំជន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា នោះ។ ចំណែកនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៩ ខែសីហា ក៏មានក្រុមក្មេងទំនើង ២ ក្រុម បានជិ:ម៉ូតូដេញកាប់ចាក់គ្នា នៅកណ្តាលក្រុង តែសំណាងមិនមានអ្នករងរបួស ឬស្លាប់ដែរ ។
ករណីទាំងនេះ សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាក្មេងទំនើងផ្សេងទៀតរួចរាល់ហើយៗ តម្រុយព័ត៌មានថា ក្រុមទំនើងទាំងនោះ បានរត់ផាស់ក្រញាំទៅក្រៅខេត្ត និងខ្លះទៅ ក្រៅប្រទេស ហើយជ្រកពួន ដូចកណ្តុរហើយ ។
លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹង នៅថ្ងៃទី១ខែកញ្ញាថា: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងតាររងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅនៅភូម/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
សូមរំលឹកថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៤០នាទី មានករណី ហិង្សាចេតនា និងរូបភាពទំនើងមួយ បង្កឡើងដោយក្មេងស្ទាវ ចំនួន ២ក្រុម មានគ្នាប្រហែល ២០នាក់ ម៉ូតូប្រហែល ១០ គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញគប់ វាយប្រហារគ្នាទៅវិញទៅមក យ៉ាងអនាធិបតេយ្យ ប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ឬជើងភ្នំស្វាយខាងត្បូង នាកណ្តាលក្រុងសិរីសោភ័ណ។
អ្នកស្រុក បានបានថត និងបង្ហោះវីដេអូឃ្លីប នូវសកម្មភាពទំនើងនោះ ដែលដូចជាផ្គើន នឹងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ។ បន្ទាប់ពីធ្វើសកម្មភាព ពួកគេក៏បាននាំ គ្នា ជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ។
លោកបានបន្តថាៈ ឈ្មោះ សួរ គឹមសៀន បានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព នៅចំណុចកើតហេតុទីនោះពិតមែន ។ ចំណែកបក្ខ ពួករបស់គេ មានគ្នា ៦នាក់ កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាព គប់ទៅលើក្រុមម្ខាងទៀត)។ ហើយក្រុមម្ខាងទៀត ក៏កំពុងគេចខ្លួនផងដែរ ។
កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ និងនគរបាល ពាក់ព័ន្ធ បាននឹងកំពុងបន្តការស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យ ដែលត្រូវបាន កំណត់មុខសញ្ញាឯទៀត ដែលកំពុងរត់គេចខ្លួន។ រីឯកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ក៏បាននឹងកំពុងដុតដៃដុតជើង ស្រាវជ្រាវរកជនសង្ស័យផងដែរ ។
សូមរំលឹកដែរថា កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅជិតគ្លីនិកនគររាជ នាភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានក្មេងទំនើង ២ ក្រុម មានគ្នា ៥-៦ នាក់ បានធាក់ផ្តួលម៉ូតូគូទំនាស់ខ្លួនហើយ កាប់បំផ្លាញម៉ូតូ បង្កអោយប្រជាពលរដ្ឋផ្អូកផ្អើល ហើយសំណូមពរអោយសមត្ថកិច្ច ចាត់វិធានការអោយមានប្រសិទ្ធភាព ព្រោះសកម្មភាពនេះ ប៉ះពាល់ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឬសន្តិសុខ និងសណ្តាប់ធ្នាប់ ៕/V/r