ដោយ:បូកគោ/កំពត : ថ្នាក់ដឹកនាំក្រសួងកិច្ចការនារីបានបញ្ជាក់ ថាជនមានពិការភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម សេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ អាជ្ញាធរ មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាព របស់ជនពិការឱ្យកាន់តែល្អប្រសើរ។
កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រសួង កិច្ចការនារីបានជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងតម្រូវការជនមានពិការភាពបម្រើការងារផ្នែកសេវាកម្មម៉ាស្សាទូទាំងក្រុងកំពត។
ថ្លែងក្នុងពិធីខាងលើ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួង កិច្ចការនារីបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ជនមាន ពិការភាពកម្ពុជា ភាគច្រើនទទួលបានឱកាសសិក្សាអប់រំ និងបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីអាចធ្វើការ ឬប្រកបមុខរបរចិញ្ចឹម ជីវិតបានដោយមិនចាំបាច់ជំនួយពីអ្នកដទៃ។ ជាក់ស្តែងសម្រាប់ សមាជិកសមាគមតន្ត្រីសំនៀងជនពិការប្រមាណជាង៧០០នាក់(ស្ត្រី ជិត៣០០នាក់)នៅទូទាំងប្រទេស មាន២១ក្រុមប្រកបរបរម៉ាស្សា ជាអ្នកចម្រៀង អ្នកតន្ត្រី អ្នកជំនាញដេរប៉ាក់ អ្នកជួសជុលគ្រឿង អេឡិកត្រូនិកជាដើមដែលកំពុងទទួលបានប្រាក់ចំណូលសមរម្យ។
លោកស្រីរដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្ន ជនពិការមានការតស៊ូ ដោយមិនយកពិការភាពរបស់ខ្លួនជាឧបសគ្គជីវិតឡើយ។ អ្នកខ្លះ ទទួលបានភាពជោគជ័យក្នុងជីវិត និងអ្នកខ្លះក្លាយជាថ្នាក់ដឹក នាំនៅតាមបណ្តាក្រសួង និងស្ថាប័នផ្សេងៗថែមទៀតផង។ និយាយរួម ជនមានពិការភាពបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការងារសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិ។
ជាមួយនេះ លោកស្រី ញ៉ែម មរកតបានអំពាវនាវ ថា អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ ជាអាទិភាពក្នុងការលើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនមាន ពិការភាពឱ្យកាន់តែល្អប្រសើរ៕សរន / N