ប្រែសម្រួល : កញ្ញាដាលីស (The Nation) ៖ រ៉ូបូតជើងបួន ដែលអាច “មើលឃើញ” ជុំវិញខ្លួនវា នៅទីបំផុតអាចនឹងជំនួសឆ្កែដឹកមនុស្សពិការភ្នែក នេះបើយោងតាមអ្នកអភិវឌ្ឍន៍របស់វា។
ក្រុមការងារមកពី ETH Zurich ជាវិទ្យាស្ថានបច្ចេកវិជ្ជាសហព័ន្ធស្វីស កំពុងប្រើប្រាស់ឆ្កែយន្តសម្រាប់លក់នេះ ដើម្បីសាកល្បងសមត្ថភាពរបស់ពួកវាក្នុងការអភិវឌ្ឍឧបករណ៍ចាប់សញ្ញានិងកម្មវិធីសូហ្វវែផ្សេងៗ ដើម្បីឱ្យ “ឆ្កែរ៉ូបូត” រុករកក្នុងពិភពពិត និង រក្សាសុវត្ថិភាពដល់មនុស្សពិការភ្នែក។
និស្សិតថ្នាក់បណ្ឌិត ឈ្មោះ ដេវីដេ ផ្លូសហ្សា (Davide Plozza) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “បច្ចុប្បន្នខ្ញុំកំពុងធ្វើការលើគម្រោងឆ្កែយន្តនេះ ដែលរួមមានការមានឆ្កែយន្តនាំផ្លូវ ដែលគួរតែជួយមនុស្សពិការភ្នែកឱ្យធ្វើដំណើរដោយសុវត្ថិភាព និង ជំនួសសត្វឆ្កែនាំផ្លូវពិតប្រាកដ”។
“សម្រាប់មនុស្សមួយចំនួន ឆ្កែមែនទែននៅតែជាជម្រើសដ៏ល្អ ប៉ុន្តែគេត្រូវចំណាយប្រាក់ច្រើនក្នុងការបង្ហាត់ ហើយមិនមែនមនុស្សទាំងអស់សុទ្ធតែចង់បានឆ្កែពិតនោះទេ”។
ខុសពីសត្វឆ្កែនាំផ្លូវពិតប្រាកដ ឆ្កែយន្តអាចត្រូវបានដាក់កម្មវិធីដើម្បីបំពេញការងារជាក់លាក់នៅក្នុងបរិស្ថាននានា ដែលវាមិនធ្លាប់ឃើញពីមុនមក។ សមត្ថភាព ដែលក្រុមការងារស្វីសមើលឃើញ គឺពួកវានៅទីបំផុតនឹងអាចជំនួសឆ្កែពិតរបស់មនុស្ស៕
ឆ្កែយន្តកំពុងអភិវឌ្ឍដោយក្រុមការងារមកពី ETH Zurich