​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​បេសកកម្ម​ចុង​ក្រោយ​នៅក្នុង​កម្មវិធី​ប្រកបដោយ​មហិច្ឆតា​របស់​ឥណ្ឌា​បាន​ចេញដំណើរ​នៅ​ថ្ងៃ​សៅរ៍​ទី​២​កញ្ញា​ឆ្ពោះទៅកាន់​ស្នូល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​នៅ​មួយ​សប្តាហ៍​ក្រោយ​ពី​យានអវកាស​មួយ​ប្រទេស​នេះ​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ព្រះ​ចន្ទ​។​

​យាន​Aditya-L1​ត្រូវ​បាន​បង្ហោះ​ចេញ​នី​មុន​ថ្ងៃត្រង់​បន្តិច ជាមួយនឹង​ការផ្សាយ​បន្ត​ផ្ទាល់​ក្រោម​ការតាមដាន​មើល​ពី​មនុស្ស​រាប់រយ​ពាន់​នាក់​ក្រោម​សម្លេង​ហ៊ោ​និង​សម្រែក​រ៉ុក្កែត​បញ្ចេញ​ភ្លើង​ចេញដំណើរ​។​

​មន្ត្រី​នៅ​អង្គការ​សិក្សា​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ម្នាក់​បាន​និយាយ​ចេញពី​បន្ទប់​គ្រប់គ្រង​បេសកកម្ម​ថា «​យានអវកាស​កំពុងធ្វើដំណើ​រ​ទៅកាន់​បរិយាកាស​ផែនដី​ខាងលើ​។​ការបាញ់​បង្ហោះ​សំរេច​ជោគជ័យ អ្វីៗ​ធម្មតា​»​។​

​បេសកកម្ម​នេះ​កំពុង​ផ្ទុក​គ្រឿង​ឧបករណ៍​វិទ្យាសាស្ត្រ​ដើម្បី​អង្កេត​តាម​ដា​ន​ស្រទាប់​ក្រៅ​របស់​ព្រះអាទិត្យ​ក្នុង​ដំណើរ​រយៈពេល​បួន​ខែ​។​

​សូមបញ្ជាក់​ថា អាម៉េរិកនិង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​បញ្ជូន​យាន​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទៅកាន់​ស្នូល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ចាប់ផ្តើម​ជាមួយនឹង​កម្មវិធី​Pioneer​របស់​អង្គការ​NASA​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​ជប៉ុន​និង​ចិន​ក៏​បាន​បាញ់​បង្ហោះ​បេសកកម្ម​អង្កេត​ព្រះអាទិត្យ​របស់​ផងដែរ តែ​ត្រឹមបញ្ជូនយានចូល​ក្នុង​គន្លង​គោចរ​របស់​ផែនដី​។​

បើ​ជោគជ័យ បេសកកម្ម​ចុង​ក្រោយរ​បស់​អង្គការ​សិក្សា​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​នេះ​នឹង​ក្លាយ​ជា​បេសកកម្ម​លើកដំបូង​របស់​ប​្រទេស​អាស៊ី ដែល​បាន​បញ្ជូន​យាន​ស្រាវជ្រាវ​មួយ​ចូល​ក្នុង​គន្លង​គោចរ​ជុំវិញ​ព្រះអាទិត្យ​។​

​អ្នកជំនាញ​ឥណ្ឌា​លោក សូ​ម៉ាក់ រ៉ា​យ​ឆោត​ហ៊ូ​រី​(Somak Raychaudhury)​បាន​ប្រាប់​សារព័ត៌មាន​NDTV​ថា «​វា​ជា​បេសកកម្ម​ប្រឈម​មួយ​សំរាប់​ឥណ្ឌា​»​។​លោក​ថា បេសកកម្ម​នេះ​នឹង​សិក្សា​ការផ្ទុះ​ផ្លាស្មា​ចេញពី​ព្រះអាទិត្យ​(CMEs) ជា​បាតុភូត​យូរៗ​ម្តង​ដែល​គេ​ឃើញ​ការបញ្ចេញ​ផ្លា​ស្មា​និង​ថាមពល​ម៉ាញ៉េទិច​ពី​បរិយាកាស​ព្រះអាទិត្យ​។​ការផ្ទុះ​នេះ​ខ្លាំង​ដល់​ថ្នាក់​រាល​ដល់​បរិយាកាស​ផែនដី​ហើយ​អាច​រារាំង​រំខាន​ប្រតិបត្តិការ​របស់​ផ្កាយរណប​។​

​លោក រ៉ា​យ​ឆោត​ហ៊ូ​រី បាន​និយាយថា «​យាន​Aditya​នឹង​ជួយ​ព្យាករណ៍​បាតុភូត​ហើយ​ព្រមាន​អោយយើងបិទ​ថាមពល​របស់​ផ្កាយរណបជាការបង្ការកុំអោយខូច​។​វា​ក៏​នឹង​ជួយ​យើង​អោយ​យល់​អំពី​រឿង​រ៉ាវកើតឡើង​ដោយ​របៀប​ណា ហើយ​នៅ​អនាគត យើង​អាច​បញ្ជូន​ប្រព័ន្ធ​ព្រមាន​មួយ​ទៅ​ទីនោះ​»​។​

Aditya​ដែល​យក​ឈ្មោះ​តាម​ព្រះ​អគ្គី​ក្នុង​សាសនា​ហិណ្ឌូ នឹង​ធ្វើដំណើរ​១,៥​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​ដល់​គោលដៅ កន្លែង​ដែល​ទំនាញ​នៃ​អង្គ​អវកាស​ទាំងពីរ​លែង​មាន​ទំនាញ​នឹង​គ្នា ដោយ​អនុញ្ញាត​អោ​យវា​វិល​ជុំវិញ​ផ្កាយ​ជិត​បំផុត​នៃ​ភព​របស់​យើង​ជាមួយនឹង​លំនឹង​ល្អ​៕