ដោយ:សុខុម/ស្ទឹងត្រែង:អាចចាត់ទុកថាជាកំណត់ត្រាថ្មីមួយទៀតហើយចាប់តាំងពីខែមករាមកដល់ខែកញ្ញាឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ។
កូនផ្សោតទើបនឹងកើតថ្មីនេះ ប្រទះឃើញ នៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គអង្កេតជាក់ស្តែងអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។
កូនផ្សោតដែលឃើញថ្មីនេះគឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕សរន