ដោយៈប.ខុន/ភ្នំពេញៈអាងទឹកនិងផ្លូវទឹក ដែលតែងបង្កឱ្យមានជំនន់ជាច្រើនដងមួយឆ្នាំៗទៅលើភូមិមួយនៅក្នុងឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារត្រូវបានលោករដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ធំ ព្រះវិហារ និង ខេត្តសៀមរាប ស្នើទៅមន្ត្រីនាយកដ្ឋនបច្ចេកទេសឱ្យចាត់មន្ត្រីជំនាញចុះសិក្សាដើម្បីលើកគម្រោងស្តារឡើងវិញ បន្ទាប់ពីលោកបានចុះពិនិត្យរួចនៅថ្ងៃនេះ។


លោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ធំ ព្រះវិហារ និង ខេត្តសៀមរាបបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ថា ភូមិមួយនៅក្នុងឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារ ដែលក្នុងមួយឆ្នាំៗមានទឹកជំនន់លិចច្រើនដង គឺដោយសារនៅខាងលើភូមិនេះមានអាងទឹកតូចមួយបានកសាងនៅក្នុងឆ្នាំ១៩៧៧បានខូចអស់ទៅហើយ ឯផ្លូវទឹកមកពីអាងខាងលើពេលមកដល់លើភូមិដែលរងគ្រោះដោយទឹកជំនន់ញឹកញាប់មានសភាពគោករាក់ធ្វើឱ្យ ពេលមានភ្លៀងច្រើនកើតឡើងទឹកបានហូរចេញពីផ្លូវ(អូរ)ទឹកទៅជន់លិចភូមិ។
ផ្ទៃអាងទឹកខាងលើលោកចាន់ យុត្ថានិយាយឱ្យដឹងថា មានទំហំប្រមាណជា១០០ហិកតា អាចរក្សាទឹកទុកបានប្រហែល៧លានម៉ែត្រគូប បើធ្វើឡើងវិញ។បន្ទាប់
ពីបានចុះពិនិត្យជាក់ស្តែងជាមួយនឹងក្រុមការងារនៅថ្ងៃនេះរួចមក  លោកបានស្នើទៅខាងនាយកដ្ឋានបច្ចេកទេសឱ្យរៀប ចំចាត់មន្ត្រីជំនាញចុះមកសិក្សាដើម្បីលើកគម្រោងសាងសង់ឡើងវិញទាំងអាងទឹកនិងស្តារផ្លូវទឹកដើម្បីបញ្ចប់ការលិចលង់ភូមិរបស់ប្រជាពលរដ្ឋ។
លោកចាន់ យុត្ថាអញ្ជើញទៅពិនិត្យអាងទឹកខាងលើ បន្ទាប់ពីលោករួមជាមួយក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលនៅក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី០១ខែកញ្ញារួចមក។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថាក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ខេត្តកំពង់ធំធ្វើការដាំដុះស្រូវបង្កើនរដវ និងស្រូវវស្សាសរុបបានចំនួន ២០១.៧២០ហិកតា។ ក្នុងនេះស្រូវបង្កើនរដូវប្រមាណ ៤៥.២៧៦ហិកតា ត្រូវបានបងប្អូនប្រជាកសិករធ្វើការច្រូតកាត់ប្រមូលផលរួចរាល់អស់ហើយ។ ដោយឡែកចំពោះស្រូវវស្សាចំនួន១៥៦.៤៤៤ហិកតា បាននិងកំពុងលូតលាស់យ៉ាងល្អ ជាមួយនឹងការផ្ដល់ទឹកគ្រប់គ្រាន់ ។
ប្រធានមន្ទីរក៏បានឱ្យដឹងផងដែរថាកន្លងទៅនៅក្នុងខេត្តកំពង់ធំមានផ្ទៃដីស្រូវវស្សាប្រមាណ១.៤០០ហិកតា ស្ថិតនៅក្នុងស្រុកស្ទោងប្រឈមនឹងកង្វះខាតទឹក ប៉ុន្តែមន្ទីរបានជួយអន្តរាគមន៍ភ្លាមៗ ដោយបានទម្លាក់ទឹកពីអាងទឹក៣០កញ្ញា ទៅកាន់ដីស្រែដែលមានការប្រឈមនោះ ។
លោកចាន់ យុត្ថា នៅក្នុងពេលចុះពិនិត្យស្ថានភាពទឹកនៅក្នុងខេត្តកំពង់ធំកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករបានទាន់ពេលវេលា ។ ទន្ទឹមនេះលោកក៏បានណែនាំដល់លោកប្រធានមន្ទីរឱ្យបន្តយកចិត្តទុកដាក់ចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកត្តាគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕srn