​ប្រែ​សម្រួលៈ​បំណ​ង(​ស្រេត​ថែមស៍​)៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​KCNA​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​សមយុទ្ធ​«​វាយប្រហារ​នុយគ្លេអ៊ែរ​កល​យុទ្ធ​»​កាលពី​ថ្ងៃ​សៅរ៍ ដែល​រួម​មាន​ការបាញ់​កាំជ្រួច​បណ្តែត​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រាប់​ផង នៅពេល​មេដឹកនាំ​គីម ជុង​អ៊ុន បាន​ទៅ​ពិនិត្យមើល​រោងចក្រ​ផលិត​នាវា​និង​រោងចក្រ​ផលិត​គ្រាប់​។​

KCNA​បាន​និយាយ​ថា​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពីដើម​ថ្ងៃ​សៅរ៍​ដើម្បី​«​ព្រមាន​សត្រូវ​»​និងថាប្រទេស​នេះ​នឹង​ត្រៀមខ្លួន​សំរាប់​សង្គ្រាម​នុយគ្លេអ៊ែរ​មួយ នៅពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាងបាន​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ថា​នឹង​បង្កើន​សមត្ថភាព​យោធា​ដើម្បី​រារាំង​ការវាយប្រហារ​របស់​អាម៉េរិ​ក​និង​កូរ៉េខាងត្បូង​។  

​កាំជ្រួច​បណ្តែត​ពីរដើម​ដែល​បំពាក់​ក្បាល​គ្រាប់​ក្លែងក្លាយ ត្រូវ​បាន​បាញ់​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងលិច​និង​បាន​ហោះ​បាន​ចម្ងាយ​១.៥០០​គីឡូម៉ែត្រ​នៅ​កំពស់​១៥០​គីឡូម៉ែត្រ​។​

​ការប្រកាស​ដាច់ដោយឡែក​មួយ​បាន​និយាយថា លោក​គីម បាន​ទៅ​ទស្សនារោងចក្រ​Pukjung Machine Complex ដែល​ផលិត​ម៉ាស៊ីន​នាវា និង​រោងចក្រ​មួយទៀត​ដែល​ផលិត​គ្រាប់រំសេវ ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការពង្រឹង​កងកម្លាំង​ជើង​ទឹក​កូរ៉េខាងជើង​។​

​ការសាកល្បង​កាំជ្រួច​ចុងក្រោយ​នេះ​បាន​កើតឡើង​តែ​ពីរ​ថ្ងៃក្រោយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ទើប​បញ្ចប់​សមយុទ្ធ​យោធា​រួមគ្នា​១១​ថ្ងៃ​របស់ខ្លួន ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-1B​ផង​។​

​សូមបញ្ជាក់ថាកូរ៉េខាងជើង​បាននិងកំពុង​បង្កើន​សមត្ថភាព​យោធា​រារាំង​របស់​ខ្លួន​ប្រឆាំង​នឹង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ដែល​កងកម្លាំង​នៃ​សម្ពន្ធមិត្ត​ទាំងពីរ​ក៏​បាន​ហាត់​សម​ត្រៀម​សំរាប់​សង្គ្រាម​នុយគ្លេអ៊ែរ​ផងដែរ​។​កាលពី​ខែ​មុន ​KCNA​បាន​និយាយថា លោក​គីម​ទើប​ទៅ​សួរសុខទុក្ខ​និង​ត្រួតពិនិត្យ​កងទ័ពជើងទឹក នៅ​ឆ្នេរ​ខាងកើត​ដើម្បី​មើល​ការបាញ់​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ​ចេញពី​នាវាចម្បាំង​មួយ និង​បាន​បញ្ជាក់ថា​នាវា​នោះ​ត្រូវ​តែ​រក្សា​កម្លាំង​វាយប្រហារ​សំរាប់​ស្ថានភាព​ប្រយុទ្ធ​៕