ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ចាប់តាំងពីឆ្នាំ២០១០ មក ចំនួនសត្វត្មាត នៅក្នុងប្រទេសកម្ពុជា ដែលមានកត់ត្រា នៅតាមអាហារដ្ឋានត្មាត បានចាប់ផ្តើមថយចុះ ប៉ុន្តែដោយសារការធ្វើការអភិរក្ស យ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យទិន្ន័យចំនួនសត្វត្មាត ហាក់មានស្ថេរភាពក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។
សត្វត្មាតទាំងនោះ ត្រូវបានគេរកឃើញមានវត្តមាន នៅក្នុងខេត្តចំនួនប្រាំ គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី ទីតាំងដែលមានវត្តមានសត្វត្មាត ច្រើនជាងគេ គឺស្ថិតនៅក្នុងស្រុកសៀមប៉ាង ភាគខាងជើង ជិតព្រំដែនប្រទេសកម្ពុជា -ឡាវ។
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ។ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារ សត្វស្លាបដ៏អស្ចារ្យនេះ។
សត្វត្មាត ចំនួនបីប្រភេទ មានដូចជា៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង រស់ជាអចិន្ត្រៃយ៍ នៅប្រទេសកម្ពុជា បាននិងកំពុងរងកាគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ ឈានទៅដល់ការជិត ផុតពូជ។ សត្វត្មាត រងការគម្រាមកំហែង ដូចជាការបំពុល ការរំខានទីតាំងសំបុក ដែលតម្រូវឲ្យចាត់វិធានការការពារ និងជួយសង្គ្រោះ ចំនួនសត្វត្មាត ដែលនៅសេស សល់ទាំងនោះ។
ការងារអភិរក្សសត្វត្មាត នៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយក្រសួងបរិស្ថាន សហការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បានខិតខំ ប្រឹងប្រែងធ្វើការរួមគ្នា អភិរក្សសត្វត្មាត នៅកម្ពុជា។
តើមានអ្វីកើតឡើងជាមួយសត្វត្មាត នៅក្នុងប្រទេសកម្ពុជា? ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានផ្សព្វផ្សាយរបាយការណ៍អភិរក្សសត្វត្មាត ឆ្នាំ២០២២ ដូចមានអាស័យដ្ឋានខាងក្រោម៖ នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាត បីប្រភេទ។ ត្មាតធំជាងគេគឺ ត្មាតត្នោត បន្ទាប់មកគឺ ត្មាតភ្លើង និងត្មាតផេះ ។ សត្វត្មាត ជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុត ក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបី ប្រភេទនេះ បានចាត់ចំណាត់ថ្នាក់ ដោយអង្គការ IUCN ថាជាប្រភេទជិតផុតពូជបំផុត អាស្រ័យដោយការបាត់បង់ទីជម្រក កង្វះចំណី និងការបំពុលជាដើម។
ត្មាតត្នោត (slender-billed vulture) ជាសត្វស្លាបដ៏ធំដែលមានប្រវែងស្លាប ប្រមាណជា ២,៦ម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ខ្សាច់ រីឯក្បាលនិងកវែងមានពណ៌ខ្មៅ និងចុងខ្នងពណ៌ស ហើយពេលហើរ ស្លាបមានពណ៌ខ្មៅ។ គេច្រើនប្រទះឃើញត្មាត ត្នោត នៅតំបន់ព្រៃល្បោះភាគឧត្តរនៃប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងខេត្ត ស្ទឹងត្រែង និងព្រះវិហារ។ ពួកវាពងកូនភាគច្រើន នៅក្នុងស្រុកសៀមប៉ាង ប៉ុន្តែបន្ត ប្រមូល ផ្តុំជាហ្វូង ដែលមានចំនួនពី៣០ទៅ៤០ក្បាល ដើម្បីស៊ីចំណី។ រដូវបន្តពូជរបស់ ត្មាតត្នោត គឺនៅក្នុងរដូវប្រាំង។
ត្មាតភ្លើង (red-headed vulture) គឺត្មាតដែលមានធំបន្ទាប់ទីពីរបស់កម្ពុជា។ វាមានដង ខ្លួនពណ៌ខ្មៅជាមួយនិងឆ្នូតសតាមបណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម ឯក្បាលមានពណ៌ក្រហម។ឈ្មោលមានភ្នែកពណ៌លឿង។
សព្វថ្ងៃនេះ វាគឺជាសត្វត្មាតកម្ពុជា ដែលមានដង់ស៊ីតេទាបបំផុត និងមានវត្តមាននៅខេត្ត ចំនួនប្រាំគឺ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី។ គេឃើញមាន វត្តមានរបស់សត្វត្មាតទាំងនោះ បន្តពូជនៅរដូវប្រាំង មានលទ្ធភាពពងបានមួយ ក្នុងមួយរដូវកាល កាច់សំបុក។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ជំរឿនសត្វត្មាត ឆ្នាំ២០២២ ត្មាតរស់នៅក្នុងប្រទេស កម្ពុជា សរុប ចំនួន ១៣៤ ក្បាល ក្នុងនោះមានត្មាតភ្លើង ១៩ ក្បាល ត្មាតត្នោត ៤២ ក្បាល និងត្មាតផេះ ចំនួន ៧៣ ក្បាល។ យើងអាចជួយការពារសត្វត្មាត បានដោយ ផ្តល់កន្លែងអោយពួកគេរស់នៅ ក្នុងប្រព័ន្ឋអេកូឡូស៊ី ហើយសូមបញ្ឍប់ការបំពុលសត្វព្រៃ ផងដែរ៕/V/r