អ៊ីស្រាអែល​ព្រមាន​ឆ្លើយតប​ខាង​យោធា​ដាក់​អ៊ីរ៉ង់ ប្រសិនបើ​អ៊ីរ៉ង់​ហ៊ាន​បិទ​ច្រក​សមុទ្រ​ក្រហម​

859
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​ថា អ៊ីស្រាអែល​អាច​នឹងដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន ប្រសិនបើ​អ៊ីរ៉ង់​ព្យាយាម​បិទ​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប (Bab al-Mandeb) ដែល​ភ្ជាប់​សមុទ្រ​ក្រហម​ទៅកាន់​ឈូង​សមុទ្រ​អា​ដិ​ន​។​

​កាលពី​សប្ដាហ៍​មុន អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយថា ខ្លួន​នឹង​ផ្អាក​ការដឹកជញ្ជូន​ប្រេង​ឆ្លងកាត់​ច្រក​សមុទ្រ​ដ៏​សំខាន់​នេះ នៅតាម​ផ្លូវ​សមុទ្រ​សំខាន់​ពី​មជ្ឈិមបូព៌ា​ទៅកាន់​អឺរ៉ុប បន្ទាប់ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​វាយប្រហារ​លើ​នាវា​២​គ្រឿង​នៅ​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប​។​

​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីរ៉ង់​បាន​ស្ថិតក្នុង​សង្គ្រាម​ដោយ​ប្រយោល​នឹង​គ្នា ៣ ឆ្នាំ​ហើយ​នៅ​ប្រទេស​យេ​ម៉ែន ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប​។​

​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី​របស់​យេ​ម៉ែន ដែល​ពីមុន​ធ្លាប់​គំរាម​បិទ​ច្រក​សមុទ្រ​នេះ បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ពួកគេ​មាន​សមត្ថភាព​ជើង​ទឹក​ដើម្បី​វាយប្រហារ​កំពង់ផែ​នានា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​គោលដៅ​ផ្សេងទៀត​នៅ​សមុទ្រ​ក្រហម​។​

​អ៊ីរ៉ង់​មិនបាន​គំរាម​បិទ​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប​ទេ ប៉ុន្តែ​បាន​និយាយថា ខ្លួន​នឹង​បិទ​ច្រក​សមុទ្រ​ហ័​រ​ម៉ូ​ស នៅ​មាត់​ឈូង​សមុទ្រ​អា​ដិ​ន ប្រសិនបើ​ខ្លួន​ត្រូវបាន​រារាំង​មិនឱ្យ​នាំចេញ​ប្រេង​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូ និយាយ​នៅ​ពិធី​ដើរ​ហែ​ក្បួន​សម្រាប់​មន្ត្រី​កងទ័ពជើងទឹក​ថ្មី​នៅ​ទីក្រុង​ហៃ​ហ្វា​ថា “​ប្រសិនបើ​អ៊ីរ៉ង់​ព្យាយាម​បិទ​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប ខ្ញុំ​ប្រាកដ​ណាស់​ថា អ៊ីរ៉ង់​នឹង​ប្រឈមមុខ​ជាមួយ​ក្រុមចម្រុះ​អន្តរជាតិ ដែល​នឹង​ប្តេជ្ញា​ទប់ស្កាត់​រឿងនេះ ហើយ​ក្រុមចម្រុះ​នេះ​ក៏​នឹង​រួមបញ្ចូល​ទាំង​យោធា​គ្រប់ផ្នែក​របស់​អ៊ីស្រាអែល​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ

ទីតាំងផ្សាយពាណិជ្ជកម្ម