ត្រាំ​ព្រមាន​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ពី ១០ ភាគរយ​ទៅ ២៥ ភាគរយ

807
ចែករម្លែក

​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​ថា សហរដ្ឋអាមេរិក​អាច​នឹង​បង្កើន​អត្រាពន្ធ​លើ​ការ​នាំចូល​បន្ទាប់​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ខណៈដែល​ខ្លួន​កំពុង​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យធ្វើ​កំណែទម្រង់​ពាណិជ្ជកម្ម​។​

​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក រ៉ូបឺត ឡៃ​ធី​ស​ហ្សឺ និយាយថា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានស្នើ​ឱ្យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ពិចារណា​លើ​ការដំឡើង​ពន្ធ ដែល​បានស្នើ​ឡើងដល់ ២៥ ភាគរយ​ពី​ផែនការ ១០ ភាគរយ​។​

​លោក​ឡៃ​ធី​ស​ហ្សឺ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បានដឹង​យ៉ាងច្បាស់​អំពី​ការផ្លាស់ប្តូរ​ជាក់លាក់​ដែល​ចិន​គួរ​អនុវត្ត​។ គួរឱ្យ​សោកស្តាយ ជំនួស​ឱ្យ​ការផ្លាស់ប្តូរ​ឥរិយាបថ​ប្រកបដោយ​គ្រោះថ្នាក់​របស់ខ្លួន ចិន​បាន​សងសឹក​ដោយ​ខុសច្បាប់​ប្រឆាំងនឹង​កម្មករ កសិករ អ្នកនេសាទ និង​អាជីវកម្ម​របស់​អាមេរិក​”​។​

​ទោះយ៉ាងណា ក្រុមមន្ត្រី​បាន​និយាយ​សម្រាល​នូវ​ការលើកឡើង​នានា​ថា ចំណាត់ការ​នេះ​គឺមាន​បំណង​ប៉ះប៉ូវ​ការធ្លាក់ចុះ​នៃ​តម្លៃ​រូបិយវត្ថុ​ចិន​នាពេល​ថ្មីៗ​នេះ ដែល​បាន​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការ​វាយ​ពន្ធ​របស់​ត្រាំ តាមរយៈ​ការធ្វើឱ្យ​ការនាំចេញ​មានតម្លៃ​ថោក​ជាង​មុន​”​។​

​ប្រាក់​ដុល្លារ​អាមេរិក​បាន​ឡើងថ្លៃ​ចាប់តាំងពី​ខែមេសា​នៅពេលដែល​ធនាគារកណ្តាល​បាន​បង្កើន​អត្រា​ការប្រាក់​កម្ចី​ដែល​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​សម្លឹង​រកមើល​ប្រាក់ចំណេញ​ខ្ពស់​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​មួយរូប​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​វា​ជា​រឿង​សំខាន់​ណាស់​ដែល​បណ្តា​ប្រទេស​នានា​មិន​ទម្លាក់​ថ្លៃ​រូបិយវត្ថុ​របស់ខ្លួន​ស​ម្រា​ប់​គោលបំណង​ប្រកួតប្រជែង​។ ប៉ុន្តែ​ខ្ញុំ​នឹងមិន​សន្និដ្ឋានថា​សេចក្តីប្រកាស​ដែល​យើង​ធ្វើ​ថ្ងៃនេះ ត្រូវបាន​ផ្សាភ្ជាប់​ដោយផ្ទាល់​ទៅនឹង​ការអនុវត្ត​ការទម្លាក់​ថ្លៃ​រូបិយវត្ថុ​ណាមួយ​នោះទេ​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​កំពុង​ជាប់ផុង​ក្នុង​ជម្លោះ​នឹង​គ្នា​ជុំវិញ​ការចោទប្រកាន់​របស់​អា​មេ​រិ​កថា​សេដ្ឋកិច្ច​នាំចេញ​របស់​ចិន​ទទួលបាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​ដ៏​អយុត្តិធម៌​និង​ការឧបត្ថម្ភ​ធន​ក៏ដូចជា​ការ​លួច​ចំណេះដឹង​បច្ចេកវិជ្ជា​របស់​អាមេរិក​។​

​ត្រាំ​បាន​គំរាម​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចេញ​ស្ទើរតែ​ទាំងអស់​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​។​

​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​នៅតែ​រក្សា​ការទាក់ទង​ជា​ទៀងទាត់​ជាមួយ​សម​ភាគី​ចិន ប៉ុន្តែ​មិនអាច​ប្រកាស​ពី​កិច្ចប្រជុំ​ថ្មី​ណាមួយ​បានទេ​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​ព្រមាន​វាយ​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​នាំចេញ​ទាំងអស់​របស់​ចិន​មក​សហរដ្ឋអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម