ដោយៈចាន់តូ / ភ្នំពេញ៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានអគ្គិភ័យ ឆេះផ្ទះមួយខ្នងសង់អំពីឈើនិងថ្មខាងក្រោម។ហេតុការណ៍​នេះ​កើតឡើងកាលវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ធុំក្លិនផ្សែង។ គាត់ក៏ចេញមកមើល ស្រាប់តែឃើញភ្លើងឆេះផ្ទះខាងលើ យ៉ាង​សន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ អ្នករស់នៅជិតខាង ក៏បាននាំគ្នាយកទឹក មកបាញ់ពន្លត់ តែដោយ​អំណាច​ភ្លើងខ្លាំងពេក ទើបរាយការណ៍ទៅសមត្ថកិច្ច ឱ្យចេញរថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុ ចំនួនពីរគ្រឿង ធ្វើការបាញ់ទឹក មិនឱ្យរីករាលដាលដល់ផ្ទះផ្សេងៗទៀត។

ចំណែកសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ម្ចាស់ទីតាំង មានឈ្មោះ មុំ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបររត់កង់បី ។ ឆាបឆេះផ្ទះឈើលើ ក្រោមថ្ម ទំហំ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ។មូលហេតុនៃអគ្គិភ័យគឺដោយសារទុស្សេ ឆ្លងចរន្តអគ្គិសនី ឆេះអស់ទាំងស្រុង បណ្ដាលឱ្យ ស្ត្រីម្នាក់ បានបាត់បង់ជីវិត ។ស្រ្តីរងគ្រោះឈ្មោះ មើ ផលជាតិ អាយុ៤៣ឆ្នាំ ជាជនពិការជើងដើរមិនរួច៕សរន