ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតអុកជាលក្ខណៈមិត្តភាព ដែលមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ និងទី៣ កញ្ញា នោះ បានបញ្ចប់ហើយ។
ការប្រកួតដែលធ្វើឡើង ក្រោមពាក្យស្លោក «រួមគ្នាអភិរក្សតំណែលដូនតា» ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ យ៉ាន សុខលាង ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ ជា ស៊ីដេត និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ ប៊ិន គាសេង ។
ការប្រកួត ជាមិត្តភាពនេះ មានទ្រង់ទ្រាយជាការបើកទូលាយ (Open) ដែលរៀបចំ ប្រកួត នៅអាហារដ្ឋានសុវណ្ណាទូច។ នេះជាការប្រកួតដែលមានការគាំទ្របច្ចេកទេស ដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ផ្ទាល់តែម្ដង។
គោលបំណង ៣ នៃការប្រកួតនេះ គឺដើម្បីចូលរួមលើកកំពស់ វិស័យកីឡាអុកចត្រង្គ នៅកម្ពុជា ជួយបំផុសចលនាលេងអុកចត្រង្គខ្មែរ ក្នុងស្រទាប់មហាជន និងដើម្បីបង្កើត ចំណងមិត្តភាព និងទំនាក់ទំនងល្អ ជាមួយគ្នា។
សូមបញ្ជាក់ថា អុកចត្រង្គកម្ពុជា ពេលនេះ កំពុងតែបណ្ដុះបណ្ដាល នូវធនធានមនុស្ស គឺបណ្ដុំបណ្ដាលទាំងកីឡាមន្ត្រីបច្ចេកទេស រួមជាមួយគ្រូបង្គោល ដើម្បីជាស្ពានសម្រាប់ ចម្លងទៅបណ្ដុះបណ្ដាល ដល់អ្នកដែលស្រឡាញ់ចូលចិត្ត ប្រភេទកីឡា ដែលជាកេរ្តិ៍ ដូនតាមួយនេះ៕ V / N