ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក លីវ ជានឆាវ(LIU Jianchao)រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែង ថាសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និងយោធាដ៏ពិត ប្រាកដនិងត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។

លោក លីវ ជានឆាវ (LIU Jianchao)បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីល្ងាច ថ្ងៃទី ៣ ខែ កញ្ញា ២០២៣ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះលោក លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តអនុវត្តន៍ការទូតមេត្រីភាពចំពោះចិន នេះគឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវ សហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី (២០២៤-២០២៨ )ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់និងជាបងប្អូនបង្កើតដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាប រៀងមក ។ លោក លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយវ័យ ក្មេង,ពោរពេញទៅដោយសមត្ថភាព,ចក្ខុវិស័យវែងឆ្ងាយនិងមានមនសិការនយោបាយដ៏គួរឱ្យគោរព ។

លោក លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជាក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលបាន ផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះលោកបានគូសបញ្ជាក់ថារដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចធិបតី ។លោក ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យ ច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់សម្ដេចមហាបវរធិបតី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចរបស់លោក លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។នៅក្នុងឱកាសនោះសម្ដេចធិបតីក៏បានគូសបញ្ជាក់បន្ថែមផងដែរថាការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាគឺមិនអាចកាត់ ផ្តាច់ចេញបានឡើយពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិនជាពិសេសការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់ កម្ពុជា ។

សម្តេចធិបតីបានថ្លែងថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,គណបក្ស ប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត បន្ថែមទៀតមានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀតដែលគ្រោងនឹងចុះអនុស្សារណៈយោគយ ល់គ្នា (MOU) នាពេលខាងមុខនេះជាសក្ខីភាពស្រាប់ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យនេះនិងបានជូនពរលោក លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕