ដោយៈ យោធិន/ភ្នំពេញៈ កិច្ចប្រជុំថ្នាក់ដឹកនាំលើគម្រោង Elsie រវាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក ហ្សូសេហ្វ ស៊ូអឺ (Joseph schuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោកស្រី បណ្ឌិត Emma Leslie ប្រធានមជ្ឈមណ្ឌលសិក្សាសន្តិភាព និងជម្លោះ រួមទាំងតំណាងស្ត្រីនៃអង្គការសហប្រជាជាតិ ( UN Women ) ដើម្បីត្រួតពិនិត្យពីវឌ្ឈនភាពការងារ នៃគម្រោងឆ្ពោះទៅរកភាពជោគជ័យ។

កិច្ចប្រជុំខាងលើនេះ បានដំណើរការរយៈពេលពេញមួយព្រឹក នៅស្នាក់ការមជ្ឈមណ្ឌលរក្សាសន្តិភាព (NPMEC)

សូមបញ្ជាក់ថាៈ កម្ពុជាបានទទួលគម្រោងនេះកាលពីខែមេសា ឆ្នាំ២០២២ ហើយ ដែលបាននិងកំពុងអនុវត្ត និងគ្រោងបិទបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ ដោយការអនុវត្តគម្រោងនេះ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដល់ការចូលរួមពីសំណាក់យោធិននារី នៃកងយោធពលខេមរភូមិន្ទ សម្រាប់បេសកកម្មរក្សាសន្តិភាព

ថ្លែងក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍បញ្ជាក់ថាៈបច្ចុប្បន្ននេះ កម្លាំងនៃកងយោធពលខេមរភូមិន្ទចំនួន ៩០៣ នាក់ ក្នុងនោះមាននារី ១៤៧នាក់បាននិងកំពុងបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល និងសាធារណរដ្ឋកុងហ្គោ។

យោធិននារី តែងតែត្រូវបានលើកទឹកចិត្ត ឱ្យដើរតួនាទីសំខាន់ ចាប់ពីនាយរងផ្នែក រហូតដល់មេបញ្ជាការកង។ នេះបើតាមការបញ្ជាក់បន្ថែម ពីនាយឧត្តមសេនីយ៍ ប្រមុខកងយោធាមួកខៀវកម្ពុជា។

ក្រោយពីបានឃើញនូវការចូលរួមរបស់យោធិននារីយ៉ាងសកកម្ម ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិលោក ហ្សូសូ សែហ្វស៊ូអឺ  បានកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ផ្នែកថ្នាក់ ក្នុងការលើកកម្ពស់ និងយកចិត្តទុកដាក់ ចំពោះយោធិននារី។ ទន្ទឹមនោះ មន្ត្រីអ្នកសម្របសម្រួលអង្គការសប្រជាជាតិ ក៏បានស្ញើចសរសើរចំពោះភាពក្លាហាន និងឆន្ទៈប្តេជ្ញាចិត្តខ្ពស់ របស់កងកម្លាំងមួកខៀវនារីកម្ពុជា ក្នុងការបំពេញបេសកកម្ម និងបង្កើតនូវសមិទ្ធផលជាច្រើន។

លោក Joseph schuer ក៏នឹងបន្តគាំទ្រដល់គម្រោងបន្តបន្ទាប់ទៀត ជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផងដែរ។

ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តាមរយៈកិច្ចប្រជុំនេះ ក៏បានថ្លែងអំណរគុណដល់អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដល់ការបញ្ជូនកម្លាំងយោធាមួកខៀវកម្ពុជា ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើសុំដល់ អង្គការសហប្រជាជាតិ ក្នុងការផ្តល់វគ្គហ្វឹកហ្វឺននារីបន្ថែមទៀត ព្រមទាំងស្នើឲ្យមានការផ្តល់គ្រូបង្វឹកនារី ពីសំណាក់អង្គការសហប្រជាជាតិ ផងដែរ៕/V-PC