ប្រែសម្រួលៈបំណង(ដឹណេសិន,អៀរ៉ាវ៉ាតឌី)៖ ការវាយប្រហារដោយដ្រូនពីសំណាក់កងកម្លាំងក្រុមប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានៅទីប្រជុំជនមីយ៉ាវ៉ាតឌី(Myawaddy)ក្នុងរដ្ឋកាយីន( Kayin)ជាប់ព្រំដែនថៃ កាលពីថ្ងៃអាទិត្យបានសម្លាប់មន្ត្រីមីយ៉ាន់ម៉ាប្រាំនាក់ និងបណ្តាលអោយរបួស១៦នាក់ទៀត។
យោងតាមមន្ត្រីសន្តិសុខមីយ៉ាន់ម៉ា ការវាយប្រហារនេះបានកើតឡើងនៅម៉ោង៩យប់និងផ្តោតលើតំបន់បី រួមមានបន្ទាយកងពលទី២៧៥ សាលាខេត្តនិងស្ថានីយប៉ូលិស។
អភិបាលក្រុងមីយ៉ាវ៉ាតឌី វរសេនីយ៍យោធាម្នាក់ ប៉ូលិសម្នាក់ស្ថិតចំណោមអ្នកស្លាប់។មន្ត្រី១៦នាក់រួមមានបុរសនិងស្ត្រីបានរងរបួសក្នុងការវាយប្រហារ។
គេថា អាជ្ញាធរមីយ៉ាន់ម៉ាបានកាត់ផ្តាច់ភ្លើងអគ្គិសនីដើម្បីងាយរកឃើញដ្រូន នៅពេលទាហានឃ្លាំមើលរកយានវាយប្រហារពីអាកាស។
សូមបញ្ជាក់ថា ទាហាននិងទីតាំងរបស់យោធាមីយ៉ាន់ម៉ាកាន់តែរងការវាយប្រហារពីដ្រូនរបស់ក្រុមប្រឆាំង។ចំនួនវាយប្រហារដូច្នេះបានកើនឡើងចាប់តាំងពីក្រុមប្រឆាំងបានប្រើដ្រូនវាយប្រហារលើកដំបូងកាលពីពាក់កណ្តាលឆ្នាំ២០២២ ហើយការវាយប្រហារកាន់តែត្រង់និងសម្លាប់មនុស្សច្រើនឡើង។
កាលពីខែមេសា ទាហានមីយ៉ាន់ម៉ាជាង១០០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាបន្តបន្ទាប់ដោយសារតែមានកិច្ចសហការគ្នារវាងយុទ្ធជននៃកងកម្លាំងយោធារបស់ប្រជាជន(PDF)ដែលជាកងកម្លាំងប្រឆាំង និងកងអង្គភាពដ្រូនរបស់ក្រុមនេះ។
មានសេចក្តីរាយការណ៍វាយប្រហារដោយដ្រូននៅរដ្ឋកាយ៉ាស( Kayah) រដ្ឋការ៉េននិងរដ្ឋជីន( Kayah)កន្លែងដែលកងកម្លាំង PDFនិងក្រុមឧទ្ទាមប្រដាប់អាវុធកំពុងសហការគ្នាវាយប្រហារលើទាហានរដ្ឋាភិបាល។
ក្នុងការវាយប្រហារមួយកាលពីថ្ងៃ១៣មេសា យានយន្តយោធាមួយជួររួមមានរថពាសដែកពីរគ្រឿងនិងរថយន្តយោធា២០គ្រឿង ត្រូវបានឆ្មក់វាយប្រហាររួមគ្នាពីកងកម្លាំងប្រឆាំង នៅតំបន់សាហ្គេង( Sagaing)ក្នុងរដ្ឋជីន ។រថពាសដែកទាំងពីរបានខូចខាតធ្ងន់ធ្ងរដោយត្រូវគ្រាប់ទម្លាក់ពីដ្រូន។
ក្នុងការវាយប្រហារមួយទៀតនៅដើមខែមេសា ដ្រូនបានវាយប្រហារលើប៉ុស្តិ៍យោធាមួយក្នុងរដ្ឋការ៉េន ដោយបំផ្លាញកាំភ្លើងធំមួយនិងបណ្តាលអោយទាហានរងបួសជាច្រើននាក់។
ការវាយប្រហារដោយដ្រូនកាលពីខែឧសភានៅនៅតំបន់សាហ្គេងបណ្តាលអោយស្លាប់ប៉ូលិសពីរនាក់និងរបួសបីនាក់ទៀត។
អង្គភាពទ័ពដ្រូនមួយនៅរដ្ឋការ៉េន បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយដ្រូនចំនួន៤៣៧លើកនៅក្នុងឆ្នាំ២០២២ ដោយសម្លាប់និងបង្ករបួសទាហានរដ្ឋាភិបាលប្រមាណ២០០នាក់៕
យុទ្ធជនក្នុងកងកម្លាំងប្រឆាំងយ៉ាន់ម៉ាកាន់តែមានជំនាញក្នុងការប្រើដ្រូបវាយប្រហារលើកងកម្លាំងរដ្ឋាភិបាល