មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​ផ្លូវ​៦០​ម៉ែត្រ​ដែល​រង​ការខូចខាត​

1207
ចែករម្លែក
  • 11
    Shares

ដោយ​: បាយ័ន / សៀមរាប​: លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា កន្លងមក មាន​ប្រជាពលរដ្ឋ​ជាច្រើន និង​អ្នកលេង​បណ្ដាញ​សង្គម Facebook បានធ្វើការ​រិះគន់​ចំៗ ដល់​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​ការខូចខាត​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ដែល​មិន​ព្រម​ជួសជុល និង​បណ្ដោយឱ្យ​ផ្លូវ​មាន​សភាព​គ្រ​ហុក​ខ្លាំង បានធ្វើ​ឱ្យមាន​ការលំបាក​ក្នុង​ការធ្វើ​ចរាចរណ៍ ប៉ុន្តែ​បញ្ហា​នេះ មិនមែន​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អើពើ​នោះទេ គឺ​បាន​គិតគូរ​រួចហើយ​។

​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមថា កំណាត់​ផ្លូវ​៦០​ម៉ែត្រ​ចាប់ពី​ស្ពាន​នាគ ដល់​រង្វង់​អប្សរា គឺមាន​ផែនការ​ស្ថាបនា​ថ្មី​ទាំងស្រុង ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្តន៍​គម្រោង ទើប​ធ្វើឱ្យ​ផ្លូវ​មាន​សភាព​បែបនេះ ហើយ​ម្យ៉ាងទៀត​ដោយសារ​ពេលវេលា​នេះ គឺជា​រដូវវស្សា និង​មាន​ចរាចរណ៍​មមាញឹក​ផង​នោះ បានធ្វើឱ្យ​កំណាត់​ផ្លូវ​នេះ​កាន់តែ​មាន​ភាព​ទ្រុឌទ្រោម និង​ខូចខាត​ច្រើន​កន្លែង​មក ។​

​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ស្ពាន​នាគ​រហូតដល់​រង្វង់​មូល​អាជ្ញាធរ​ជាតិ​អប្សរា បាន​រង​នូវ​ការខូចខាត​ដោយ​អន្លើ​ដែល​បណ្តាលមកពី​ទឹកភ្លៀង និង​កំណើន​ចរាចរណ៍​ខ្លាំង​នោះ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល និង​កែលម្អ​កំណាត់​ផ្លូវ​នេះ​ឡើងវិញ​ហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម