ដោយៈសុក្ខារិន /ពោធិ៍សាត់៖លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារកូនភ្លោះបីនាក់ ដែលរស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ។
ក្នុងពិធីកាលពីថ្ងៃទី ៤ ខែកញ្ញា ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកហៀម ឃួន អភិបាលរងខេត្ត លោក ផាយ ឡេង អភិបាលស្រុកបាកានផងនោះលោក សេង ទៀង បានថ្លែងថា អំណោយសប្បុរធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាគ្រួសារលេខរៀង៤០៣នៃគ្រួសារមានកូនភ្លោះបីនាក់នៅទូទាំងប្រទេស ដែលបានទទួល
អំណោយដ៏ថ្លៃថ្លានិងសប្បុរសធម៌នេះ។
ក្នុងឱកាសនេះដែរលោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូររយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះបីនាក់។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេបានចាត់ទុកកូនភ្លោះបីនាក់នេះ ជាចៅរបស់សម្តេចថែមទៀតផង។
ជាមួយគ្នានោះដែរលោក សេង ទៀង និងលោកស្រី ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំដើម្បីចិញ្ចឹមបីបាច់កូនៗឱ្យធំធាត់ល្អចាប់ពីពេលតទៅ។
អំណោយដែលប្រគល់ជូនមាន អង្ករចំនួន ៥០គីឡូក្រាម, ស្ករសប្រាំគីឡូក្រាម, ទឹកដោះគោពីរកេសធំ, សារុងពីរ, ក្រមាពីរនិងថវិកាចំនួន ប្រាំលានរៀល។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលទទួលបានកូនភ្លោះបី ឪពុកឈ្មោះ ឈាន សុជាតិ អាយុ៣៦ឆ្នាំមានមុខរបរជួសជុលម៉ូតូ និងម្ដាយឈ្មោះ ពៅ លីណា អាយុ ៣៤ឆ្នាំ ជាមេផ្ទះ។នាមឈ្មោះកូនភ្លោះទាំងបីនាក់ រួមមាន កូនប្រុសទី១- ឈ្មោះ សេរីបុត្រ -កូនប្រុសទី២ ឈ្មោះ សេរីសួស្តីនិងកូនប្រុសទី៣ឈ្មោះ សេរីមង្គល ។ទារកបានកើតនៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ ។គ្រួសារនេះកូនប្រុសច្បងអាយុ ៧ឆ្នាំ ៕សរន/ N