ដោយៈបាយ័ន/សៀមរាប៖ កាលពីព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ថវិកាសប្បុរសជនសរុបចំនួន ៥.៦៧៩,៥២ ដុល្លារអាមេរិកត្រូវបានយកទៅប្រគល់ដល់កុមារីកម្សត់ ឈ្មោះ ឆុង គន្ធា ដែលមានឪពុកឈ្មោះ អឿយ គិន ម្តាយឈ្មោះ ភាជ ចន្ថា រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។
ថវិកាទាំងនោះត្រូវបានវេរជូនដោយលោក ផែង វណ្ណៈ ជាអ្នកសារព័ត៌មាននិងជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះមួយរូប។ថវិកានេះលោក ផែង វណ្ណៈ និយាយថាបានមកពីសប្បុរសជននានាដែលផ្តល់ជូនតាមរយៈលោកសម្រាប់ជួយដល់ក្រុមគ្រួសារក្មេងស្រីខាងលើ។
លោក ផែង វណ្ណៈ បាននិយាយថា លោកបានពឹងពាក់ពីលោកឧត្ដម សេនីយ៍ទោ ខេង រ៉ា ឱ្យបានជួយនាំឪពុកម្ដាយ កុមារីនេះទៅធ្វេី សៀវភៅធនាគារ នៅ ធនាគារ អេស៊ីលីដា ខេត្ត សៀមរាប នៅព្រឹកថ្ងៃទី០៤ ខែកញ្ញ ឆ្នាំ២០២៣នេះ ដើម្បីងាយស្រួលលោកវេលុយចំនួន៥.៦៧៩,៥២ដុល្លារមកចូលគណនីធនាគាររបស់ឪពុកម្តាយក្មេងស្រី។
លោកនិយាយថា ជាមួយ គ្នានេះដែរ សប្បុរសជនមួយរូបផ្សេងទៀតគឺ លោកស្រី សេង វណ្ណារី បាន ឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាមេជ្រៃក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលជាសាលាក្មេងស្រី គន្ធា រៀនសូត្រ សរុប ១២ នាក់ ដោយក្នុង មួយនាក់ទទួលបាន ១០ ម៉ឺនរៀល និងនាយិកាសាលា ម្នាក់ទទួលបាន៣០ ម៉ឺនរៀល ។
សូមរលឹកថា ក្មេងស្រីល្បីពេញបណ្តាញសង្គមខាងលើនៅស្រុកពួក បានតស៊ូទៅរៀននៅលើផ្ទៃទឹក ដោយរៀបស្នោរ ជាក្បូនចេវទៅសាលារៀន ។
កុមារី ឈ្មោះ ឆុង គន្ធា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ រស់នៅ ក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ក្នុងគ្រួសារមានជីវភាពក្រីក្រ។
កុមារីមានឪពុក ឈ្មោះ លន់ ឈឿម តែឪពុកបាលែងលះគ្នាម្ដាយ ឈ្មោះ ភាជ ចន្ថា អាយុ ៣៧ឆ្នាំ។ កុមារីមានបងប្អូនចំនួន ប្រាំមួយនាក់ (ស្រីបីនាក់) ។កុមារីឈ្មោះ ឆុង គន្ធា ជាកូនទី៤ក្នុងគ្រួសារ ។បន្ទាប់ពីការលែងលះ កុមារី គន្ធា បានមករស់នៅជាមួយម្តាយ។
ជីវភាពគ្រួសារក្រីក្រមានទូកឈើតែមួយគត់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ កុមារី ឆុង គន្ធា នាងជិះក្បូនស្នោរទៅសាលារៀនដែលមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ។កុមារី គន្ធា បានទៅសាលាជាប្រចាំដើម្បីទៅរៀនសូត្រ។ ក្រោយលែងលះគ្នា រីឯម្ដាយរបស់នាងក៏ទើបយកប្ដីទី២បានរយ:ពេលបួនខែមុននេះ ដោយប្តីក្រោយមានឈ្មោះ អឿយ គិន អាយុ៣៩ឆ្នាំខាងលើនេះឯង ៕សរន / N