ដោយៈដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បាន ជំរុញមន្ទីរបរិស្ថាន ត្រូវបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ ឱ្យបាន១០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥត គិតថ្លៃ និងបានដាំដុះស្តារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើនៅ តាមតំបន់ការពារធម្មជាតិ ដាំឈើនៅតាមសហគមន៍ តាមភូមិដ្ឋាន ក៏ដូចជានៅតាមផ្ទះជាដើម។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ក្នុងពេល លោក អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីរសៀល ទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា មន្រ្តីទាំងអស់ មិនត្រូវទៅ ដាំដើមឈើ ដោយខ្លួនឯងនោះទេ ។យើងត្រូវការចាំបាច់ អប់រំផ្សព្វ ផ្សាយ និងការចូលរួមពីអ្នកពាក់ព័ន្ធ។ ជាពិសេសប្រជាពលរដ្ឋនៅ តាមសហគមន៍ឱ្យចូលរួមដាំកូនឈើ។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ការដាំឈើ ជួយឱ្យសហគមន៍ធានា បាន អព្យាក្រឹតការបូន និងបានចូលរួមកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះ កញ្ចក់។ បន្ទាប់មកសហគមន៍អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍជីវភាព តាមរយៈ ទេសចរណ៍ធម្មជាតិ ស្របតាមគោលដៅចម្បងនៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាង ភាពធន់នៃវិស័យទាំង៥ ក្នុងនោះភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕សរន / N