ប្រែសម្រួល : កញ្ញាដាលីស (Independent) ៖ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ការលេបថ្នាំអាស្ពៀរីនមួយគ្រាប់ (បន្ទះ១០០mg) រាល់ថ្ងៃអាចបន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ ចំពោះមនុស្សមានអាយុ ៦៥ ឆ្នាំឡើងទៅ។
ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយសាស្ត្រាចារ្យ សូហ្វៀ ហ្សង់ហ្គឹស (Sophia Zoungas) នៃសាលាជំនាញសុខភាពសាធារណៈនិងវេជ្ជសាស្ត្របង្ការនៃសាកលវិទ្យាល័យម៉ូណាស់ (Monash) នៅទីក្រុងមែលប៊ន បាននិយាយថា ការរកឃើញរបស់ពួកគេធានាដល់ការរុករកបន្ថែមទៀត ប៉ុន្តែមិនផ្លាស់ប្តូរគោលការណ៍ណែនាំព្យាបាលបច្ចុប្បន្នចំពោះមនុស្សចាស់ដែលប្រើថ្នាំអាស្ពៀរីននោះទេ។
មនុស្ស១៦.២០៩ នាក់ត្រូវបានរួមបញ្ចូលនៅក្នុងការសិក្សា ក្នុងនោះ ៨.០៨៦ នាក់ត្រូវបានផ្តល់ថ្នាំអាស្ពៀរីន ខណៈ ៨.១២៣ នាក់ត្រូវបានផ្តល់ថ្នាំពិសោធន៍មួយ ឬ ហៅ Placebo ។
មនុស្សទាំងអស់មានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ហើយមិនទទួលរងពីជំងឺសរសៃឈាមបេះដូង ពិការរាងកាយ ឬ ជំងឺវង្វេងទេ។
ក្រោយតាមដានជាមធ្យម៤,៧ ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមដែលទទួលថ្នាំអាស្ពៀរីនមានការថយចុះការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ចំនួន ១៥% និងបន្ថយល្បឿននៃអត្រាកើនឡើងកម្រិតជាតិស្ករក្នុងប្លាស្មា (FPG)។
អ្នកនិពន្ធបាននិយាយថា “ដោយហេតុថាមានការកើនឡើងជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្នុងចំណោមមនុស្សវ័យចំណាស់ សក្តានុពលសម្រាប់ភ្នាក់ងារប្រឆាំងនឹងការរលាក ដូចជា ថ្នាំអាស្ពៀរីនដើម្បីការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ឬ ជំរុញការរក្សាកម្រិតជាតិស្ករឱ្យនឹងថឹងជាដើម គឺត្រូវការការសិក្សាបន្ថែម”។
ការរកឃើញនេះនឹងត្រូវបានធ្វើបទបង្ហាញដល់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអឺរ៉ុបសម្រាប់ការសិក្សាជំងឺទឹកនោមផ្អែម (EASD) នៅទីក្រុងហាំបឺក (Hamburg) ក្នុងខែតុលា៕
ថ្នាំអាស្ពៀរីនមានអត្ថប្រយោជន៍ជួយទប់ស្កាត់កុំឱ្យកើតជំងឺទឹកនោមផ្អែមចំពោះមនុស្សចាស់