ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ បើកយុទ្ធនាការកំណត់អត្តសញ្ញាណ សម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក ឌឹម ឌន ឌន ប្រធានមន្ទីរផែនការ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថាៈ គ្រួសារ ក្រីក្រ ចំនួន ២៧.៧៨៣ គ្រួសារ បានទទួលការបើកផ្តល់សាច់ប្រាក់ ពីរាជរដ្ឋាភិបាល ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល បានលើកកម្ពស់​សុខុមាលភាពមាតា និង​ទារក ព្រមទាំង​រួម​ចំណែក​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់តាំងពីកូន​ក្នុងផ្ទៃ ​រហូត​ដល់​អាយុ ២ឆ្នាំ ​ជំរុញ​ដល់ការលូតលាស់ ​ទាំង​កាយសម្បទា ទាំងបញ្ញាស្មារតី ។ ចាប់ពីខែ មិថុនា ឆ្នាំ២០១៩ មក រាជរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមាន ផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ដែលនៅខេត្តកំពង់ឆ្នាំង យើងបានគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឧបត្ថម្ភ​សាច់ប្រាក់​ជូនស្រី្ត​មានផ្ទៃពោះ ចំនួន ៦.០៨០ នាក់ កុមារអាយុក្រោម ២ឆ្នាំ ចំនួន ១.៩២២ នាក់ ។

លោក អម សុភា បានមានប្រសាសន៍ថាៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឲ្យកាន់តែមាន ការរីកចម្រើន រាជរដ្ឋាភិបាល​បាន​អនុម័ត​ក្របខ័ណ្ឌ បណ្តាគោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ផ្តោតលើ​សសរ​ស្តម្ភ​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និងប្រព័ន្ធ​សន្តិសុខ​ សង្គម ដែលមាន​គោលបំណង​ ដើម្បីធានា​ឱ្យបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព​ និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយភាពក្រីក្រ​ របស់ប្រជាជន។
ជាពិសេស កន្លងទៅ គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា បានទទួលការបើកផ្តល់សាច់ប្រាក់ នៃគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល​​ ។

ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ចំពោះ ក្រុមគោលដៅ នៃជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍  ជនមានពិការភាព អតីតយុទ្ធជន និងក្រុមគោលដៅ នៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់ បានទទួលសេវាសុខាភិបាល ក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ថ្លៃសេវា នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈរបស់រដ្ឋ និងមូលដ្ឋាន សុខាភិបាលឯកជនដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

ជាពិសេសថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានធ្វើការប្តេជ្ញា និងធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល» ​ និងផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោ​បាយ​ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣ នេះ រួមមាន ៖
(១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋ-កិច្ច និងគ្រាមានគ្រោះអាសន្ន។
(៤). ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ  និង
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។

ករណីមូលនិធិ​ជាតិ​ជំនួយសង្គមក៏មានឆន្ទៈក្នុងការពង្រីកវិសាលភាពកម្មវិធីជំនួយសង្គម សំដៅ គ្របដណ្តប់​លើ​មនុស្សគ្រប់វ័យ ជាក់ស្តែង​គឺបាននឹង​កំពុងរៀបចំ «កម្មវិធីជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រូវធ្វើ​សមាហរណកម្ម​​​ កម្មវិធី​ជំនួយ​សង្គមបញ្ចូលគ្នា ក្នុងកញ្ចប់តែមួយ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ ជូនស្រ្តី​មានផ្ទៃពោះ និងកុមារអាយុ​ក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ដល់សិស្សក្រីក្រ ​នៅបឋមសិក្សា និងមធ្យមសិក្សាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនមនុស្ស វ័យចាស់​អាយុ ៦០ឆ្នាំឡើង និងកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូនអ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ហើយគ្រោងដាក់ឱ្យដំណើរការ ​នៅដើម​ឆ្នាំ២០២៤​ ខាងមុខនេះ ៕ V / N