ដោយៈយោធិន/ភ្នំពេញៈ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី Eva MYSLWIEC នាយិកាសាល ពហុសិក្សា សម្តេច ហ៊ុនសែន នៅទីក្រុង Bamako ប្រទេសម៉ាលី និងលោក Mohamed DIARRA នាយករងទទួលបន្ទុក ផ្នែកសម្របសម្រួលការសិក្សាបានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែង ក្នុងការជួបសំណេះសំណាលជាមួយ លោកស្រីEva MYSLWIEC

ក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានថ្លែងអំណរគុណដល់លោកស្រីនាយិកាសាលា ដែលដឹកនាំសាលាបានយ៉ាងល្អ រួមទាំងបានជូនពរលោកស្រីទទួលបានជោគជ័យបន្តទៅមុខទៀត។

ជាកិច្ចឆ្លើយតបលោកស្រី Eva MYSLWIEC បានកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានផ្នត់គំនិតរួម ស្រលាញ់សន្តិភាព និងចង់ឱ្យប្រទេសផ្សេងៗមានសុខសន្តិភាពផងដែរ។ លោកស្រីមើលឃើញថា ការនាំមកនៃសន្តិភាពពេញលេញកម្ពុជា មានការអភិវឌ្ឈជឿនលឿនលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោក Mohamed DIARRA បានលើកឡើងថាៈ សន្តិភាព មិនមែនកើតមានមកដោយងាយៗឡើយ ដ្បិតវាកើតចេញពីការគិត ការអនុវត្ត និងបណ្តុះគំនិតតាំងពីក្មេង។ លោកក៏បានថ្លែងអំណរគុណ ដល់កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី និងបានបំពេញកាតព្វកិច្ចយ៉ាងល្អ៕សរន-pc