​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ លោកស្រី​បាន​លាក់​មុខ​ពីរ​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​អតីត​តារា​សម្ដែង​ហុងកុង មូន លី (Moon Lee) ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការផ្លាស់ប្តូរ​។​

​ខណៈ​លោកស្រី​បាន​ចែករំលែក​ជា​ទៀងទាត់​អំពី​ជីវិត​របស់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​ដោយ​បង្ហោះ​វីដេអូ​ខ្លួនឯង​ហាត់ប្រាណ ដុត​នំ និង​ដើរ​លេង​ជាមួយ​ចៅៗ​នោះ តារា​វ័យ ៥៨ ឆ្នាំ​រូប​នេះ​ថ្មីៗ​នេះ​បាន​ប្រកាស​អំពី​ឡាយ​ស្ទ្រី​ម (Livestream)​។​

​លោកស្រី​មូនបាន​បង្ហោះ​នៅលើ​វេបសាយ Douyin កាលពី​សប្តាហ៍​មុន ដោយ​ចែករំលែក​ថា “​ខាន​ជួបគ្នា​យូរហើយ សូម​ត្រៀម​សម្រាប់​ការចាក់ផ្សាយ​។ ជួប​គ្នា​ថ្ងៃទី ១៥ កញ្ញា​”​។​

​ចំណងជើង​នេះ​ត្រូវ​បាន​អម​ជាមួយ​រូបថត​ថ្មីៗ​របស់​គាត់​និង​ព័ត៌មាន​លម្អិត​អំពី​ការផ្សាយ​ឡាយ​ស្ទ្រី​ម​។​

​រូបថត​ទាំងនោះ​ទំនងជា​ត្រូវបាន​ថត​នៅ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ប្រទេស​ថៃ ដោយ​លោក​ស្រីមូន​មើល​ទៅ​មាន​រូបរាង​ក្មេង​ជាង​វ័យ​និង​ស្លៀក​សម្លៀក​បំពាក់​រលុង​។​

​នៅក្នុង​រូបថត​ខ្លះ លោកស្រី​មូនឃើញ​បួងស​ក់​ទៅ​ក្រោយ ពាក់​វ៉ែនតា​ធំៗ ខណៈ​គេ​ឃើញ​គាត់​ពាក់​វ៉ែនតា​តូច​និង​មួក​ក្នុង​រូប​មួយ​ផ្សេង​ទៀត​។​

​ទោះបីជា​លោក​ស្រីមូន​មិនទាន់​បាន​ចែករំលែ​ក​ថាតើ​នេះ​នឹង​គ្រាន់តែ​ជា​ឡាយ​ស្ទ្រី​ម​តែម្តង​នឹង​ចប់​ទៅ​វិញ​ឬថា​តើ​លោក​ស្រី​នឹង​មាន​គម្រោង​ត្រឡប់​មក​កាន់​វិស័យ​កម្សាន្ត​វិញ​ឬ​យ៉ាងណាក៏ដោយ ក៏​វា​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រំភើប​ជាខ្លាំង​។​

​អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​បាន​សរសេរថា “​ខ្ញុំ​ជឿថា​ជំនាញ​របស់​អ្នកនឹង​នៅតែ​ល្អ​ដូច​កាលពី​មុន​”​។​

​ម្នាក់​ទៀត​បាន​សរសេរថា “​ខ្ញុំ​មិនដឹងថា​តើ [​ព័ត៌មាន​នៃ​ការវិល​មក​វិញ​របស់​គាត់​] ពិត​ឬ​អត់​ទេ ប៉ុន្តែ​យើង​ត្រូវតែ​គាំទ្រ​មូន​”​។​

​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ លោកស្រី​មូនបាន​ក្លាយ​ជា​តួ​ជំនួ​ស​និង​ជា​តួ​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ជាច្រើន មុន​នឹង​ប្តូរ​មក​សម្តែង​ក្នុង​រឿង​ដុំ ដូចជា រឿង Mr Vampire (១៩៨៥) និង Mr Vampire 2 (១៩៨៦) និង​រឿង Hollywood The Protector (១៩៨៥) ដែល​សម្តែង​ដោយ​ជែក គី​ចាន់​៕

លោកស្រី មូន លី ត្រឡប់​មក​បង្ហាញ​មុខ​វិញ ដោយ​ចាប់ផ្តើម​នៅលើ​ឡាយ​ស្ទ្រី​ម​នៅ​ថ្ងៃទី ១៥ កញ្ញា​ខាង​មុខ