ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទិវាអក្ខរកម្មជាតិ ៨កញ្ញាឆ្នាំ២០២៣ ថ្នាក់ខេត្ត នៅបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៣ បានប្ររព្ធធ្វើ នៅបរិវេណមជ្ឈមណ្ឌលបូរីជ័យ២ ផ្សារចម្ការតាដោក នៃស្រុកមង្គលបូរី ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថាៈ កម្មវិធីអប់រំក្រៅប្រព័ន្ធ ដែលបានអនុវត្តក្រៅប្រព័ន្ធ និងស្រុកមង្គលបូរី អក្ខរកម្ម មានចំនួន៥ថ្នាក់ គ្រូបង្រៀន ៥នាក់ មានសិស្សសរុបចំនួន ១០៤នាក់ ស្រីចំនួន ៥នាក់។
ដោយអនុវត្តក្នុងឃុំចំនួន ៤ គឺឃុំឫស្សីក្រោក ឃុំភ្នំតូច ឃុំចំណោម និងឃុំសឿមួយ ដោយបង្រៀនអានសៀវភៅអក្ខរកម្ម ៣ភាគ ដែលបានដំណើរការ ក្នុងទីវត្តអារាម ចំនួន៥កន្លែង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងអានសារលិខិតសម្ដេចមហាបវរ ធិបតី លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ ទិវាអក្ខកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ ដែលមានខ្លឹមសារបញ្ជាក់ថា រាជរដ្ឋាភិបាល ដែល ទើបបង្កើតឡើង នាពេលថ្មីថ្មីនេះ បាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដម ជាប្រវត្តិ សាស្ត្របស់ខ្លួន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ឥតងាករេ និងកាន់តែស្វាហាប់ ជាងពេល ណាៗទាំងអស់ នូវស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះ វាសនារបស់ប្រទេសជាតិនិងការបម្រើប្រជាពលរដ្ឋ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែ ទម្រង់ កាន់តែស៊ីជម្រៅ និងទូលំទូលាយ លើគ្រប់វិស័យទិវាអក្ខរកម្ម ៨កញ្ញា នៅឆ្នាំនេះ បាននិងកំពុងធ្វើឡើង បាននិងកំពុងប្រារព្ធធ្វើឡើង ក្រោមប្រធានបទ ស្ដីពីអក្ខរកម្មជា មូលដ្ឋាន នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច ឈានមុខគេ។

ប្រធានបទនេះ បានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការលើកកម្ពស់អក្ខរកម្ម តាមគ្រប់រូបភាព និងជាការផ្ដល់ឱកាសសាជាថ្មី ដល់អ្នកសិក្សា ជាពិសេសអ្នកដែលមាន សេដ្ឋកិច្ចទន់ខ្សោយ ប្រជាពលរដ្ឋក្រីក្ររងគ្រោះ កុមារ និងយុវជន កម្មករ កម្មការិនី រោងចក្រ កុមារ និងយុវជន ដែលជាជនជាតិដើមភាគតិច ដើម្បីឲ្យពួកគេមានសមត្ថភាព អាន សរសេរ និងគិតលេខ អាចដោះស្រាយបញ្ហា មានគំនិតច្នៃប្រឌិត និងផ្លាស់ប្តូរ ឥរិយាបថមួយចំនួន នៅក្នុងជីវភាពរស់នៅ ឲ្យកាន់តែប្រសេីរឡើង។

លោក អ៊ុំ រាត្រី បានបន្តថាៈ អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង អក្ខកម្មជាមូលដ្ឋាន គ្រឹះ នៃការអប់រំ អក្ខរកម្ម គឺមនុស្សគ្រប់រូប អាចយល់ដឹងអំពី ប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើនឱកាស ក្នុងការកែលម្អគុណភាព នៃជីវិតមនុស្ស និងជាមូលដ្ឋានគ្រឹះ នៃការសិក្សា ពេញមួយជីវិត។​ ពោលគឺ អក្ខរកម្ម បានជួយឲ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរក ការកសាងនូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជំរុញ កំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយចិរភាព៕ V / N