ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស្អែកនេះ ខ្សែប្រយុទ្ធក្លិបបឹងកេត ដែលចេញទៅលេង នៅក្លិប AL Shahaniya ដែលជាក្លិបលេងក្នុង League នៅប្រទេសកាតារ នោះ នឹងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ក្នុងការប្រកួតជាមិត្តភាព ជាមួយហុងកុង។

កីឡាកររូបនេះ បានសារភាពថា រយៈពេលដែលគេទៅលេង នៅក្លិប AL Shahaniya គេបានស្រកទម្ងន់ អស់ជាង ៥ គីឡូក្រាម ដោយសារមិនស្របខ្លួន ជាមួយពេលវេលា និងការហូបចុក ស្របពេលមានការហ្វឹកហាត់ខ្លាំង។ យ៉ាងណាក្ដី គេបានមើលឃើញភាពរីកចម្រើនមួយចំនួន ពិសេសផ្នែកកម្លាំង បន្ទាប់ពីមានការ សម្របសម្រួល របស់ក្រុមការងារគ្រូ ។

សៀង ចន្ធា បាននិយាយថាៈ ប្រសិនបើខ្លួនបន្ស៊ាំបរិយាកាសនៅទីនោះ និងខំប្រឹងហ្វឹក ហាត់បន្ថែមទៀត ខ្លួននឹងមានឱកាសច្រើន សម្រាប់ការប្រជែងកៅអីជម្រើស ១១ នាក់ ដំបូង ដ្បិតបច្ចុប្បន្ន រូបគេ ទើបសម្របខ្លួនបានប្រមាណ ៥០ ទៅ ៦០ ភាគរយ ប៉ុណ្ណោះ។

សៀង ចន្ធា បានបញ្ជាក់ថាៈ នៅទីនោះ បើខ្ញុំស៊ាំបន្ដិចទៀត វាពិតជាល្អ សម្រាប់រូបខ្ញុំ មែនទែន ។ អាចនិយាយបានថា បើយើងខំប្រឹងហាត់ ហើយយើងស៊ាំ យើងអាចបង្ហាញ ខ្លួនក្នុងជម្រើស ១១ ដំបូងច្រើន ដើម្បីឲ្យគេមើលឃើញពីសមត្ថភាពរបស់យើង។

ចន្ធា ដែលមានកំណើតនៅខេត្តកោះកុង បានបន្ដថាៈ ខ្ញុំសប្បាយចិត្តដែលបានបទ ពិសោធន៍ ថ្មី ក្នុងការចេញទៅលេង នៅលីគកាតារ និងមានការប្រកួតប្រជែងខ្លាំង ហើយមានឱកាសលេង និងរកបានគ្រាប់បាល់ថែមទៀត។ អ្វីដែលជាការខុសប្លែក បន្ទាប់ពីការហ្វឹកហាត់ជាង ១ខែ នៅកាតារ គឺកម្លាំង កើនបានល្អ ព្រោះនៅទីនោះ បើនិយាយពីតាក់ទិច គេលេងប្រកួតប្រជែងច្រើនខ្លាំង។ ហេតុនេះ ធ្វើឲ្យកម្លាំងរបស់យើង កាន់តែកើនឡើងដូចគ្នា ។

ខ្សែប្រយុទ្ធក្លិបបឹងកេតរូបនេះ បានបញ្ជាក់ថា រូបគេសប្បាយចិត្ត ដែលបានត្រឡប់មក កម្ពុជា ជួយក្រុមជម្រើសជាតិ។ គេនឹងធ្វើអ្វីមួយ ដែលអ្នកគាំទ្រ ចង់បាន ហើយបង្ហាញពី អ្វីដែលគេ បានហាត់នៅកាតារ ។

សៀង ចន្ធា កើតនៅខេត្តកោះកុង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ គេបានផ្ទេរទៅក្លិប AL Shahaniya កាលពីចុងខែកក្កដា ក្រោមលក្ខខណ្ឌខ្ចីជើង ១រដូវកាល ពីក្លិបនាគខៀវ បឹងកេត ៕/V/r