ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រុមហ៊ុនធំៗ ចំនួន៤ នៅថ្ងៃទី៧ ខែកញ្ញា ស្អែកនេះ នឹងផ្តល់ឱកាសការងារ ចំនួន ២០៧ កន្លែង សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរក ការងារធ្វើ នៅក្នុងកម្មវិធី “កិច្ចសម្ភាសន៍ការងារ” ដែលសហការរៀបចំ ដោយទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងបណ្តាញសង្គម បង្ហាញនៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ NEA បានសសេរថាៈ ចំពោះសិស្ស /និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន ទាំង ៤ បាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ០៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance បានលើកឡើងថាៈ នេះជាលើកទី១ ដែលក្រុមហ៊ុន ចូលរួមជាមួយនឹង NEA ទាំងវេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ជាតិ ដែលនឹងរៀបចំ នាពេលខាងមុខនេះ។
កញ្ញា បានបន្តថាៈ កញ្ញា ពិតជាសប្បាយរីករាយ ក្នុងការសហការជាមួយនឹង NEA ដោយសារតែ NEA មានបណ្តាញច្រើនក្នុងការផ្សព្វផ្សាយព័ត៌មាន ស្តីពីការជ្រើសរើស បុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុន នឹងជ្រើសរើសបុគ្គលិក ទាន់តម្រូវការរបស់ក្រុមហ៊ុន ដែលកំពុងតែមានការរីកចម្រើន។
កញ្ញា សូរសៀង សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថាៈ ប្រសិនបើ សិស្ស និស្សិត ឬអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ ចង់បានឱកាសការងារ ជាមួយ ក្រុមហ៊ុន FWD អាចអញ្ជើញមកចូលរួម ក្នុងកិច្ចសម្ភាសន៍ការងារ នៅថ្ងៃស្អែកនេះបាន និងសូមកុំភ្លេចនាំយកនូវប្រវត្តិរូប មកជាមួយផង។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង ៤ នោះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ,ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី , ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.៕ V / N
ប្រភពរូបភាព៖ NEA