​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​អាម៉េរិក​មាន​លក្ខណៈ​សម្ងាត់​សាហាវ​ណាស់ នៅពេល​និយាយ​ដល់​ការចែករំលែក​អ្វី​ដែល​ខ្លួន​បានដឹង​អំពី​ជីវិត​ក្រៅ​ភព​។​ប៉ុន្តែ​នៅ​ក្នុង​លទ្ធភាព​ប្រឹងប្រែង​មួយ​ដើម្បី​ឱ្យមាន​តម្លាភាព ក្រសួង​ការពារជាតិ​បាន​ចេញផ្សាយ​ឯកសារ​ថ្មី​មួយ ដែល​បង្ហាញ​ពី “​ចំណុច​ដែល​គេ​ប្រទះឃើញ UFO នៅលើ​ពិភពលោក​”​។​

​វា​រួម​បញ្ចូល​ទាំង​ផែនទី​បង្ហាញ​ពី​កន្លែង​ដែល​ការប្រទះឃើញ​ភាគច្រើន​នៃ​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ (UFO) ត្រូវបាន​កត់ត្រា ដោយ​ផ្អែកលើ​របាយការណ៍​រវាង​ឆ្នាំ ១៩៩៦ និង ២០២៣​។​

​ផែនទី​នេះ​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រធាន​មន្ទីរ​បញ្ច​កោណ​បាន​ទទួលស្គាល់ថា វត្ថុ​អាថ៌កំបាំង​រាប់រយ​ត្រូវបាន​ប្រទះឃើញ “​នៅ​ជុំវិញ​ពិភពលោក​”​។​

​លោក​បណ្ឌិត ស៊ីន កឺ​ក​ផា​ទ្រី​ក (Sean Kirkpatrick) នាយក​ការិយាល័យ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ដែន​ទាំងឡាយ (AARO) របស់​មន្ទីរ​បញ្ច​កោណ បាន​និយាយថា “​យើង​បានឃើញ [​យាន​ដែក​] ទាំងនេះ​នៅ​ទូទាំង​ពិភពលោក ហើយ​យើង​ឃើញ​ការហោះហើរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​”​។​

​ផែនទី​បានបង្ហាញ​ទីក្រុង​ណា​កា​សាគិ និង ហ៊ី​រ៉ូស៊ី​ម៉ា ក្នុង​ប្រទេស​ជប៉ុន ឆ្នេរសមុទ្រ​ភាគ​ខាងកើត​និង​ខាងលិច​នៃ​សហរដ្ឋ​អាម៉េរិក រួម​ទាំង​រដ្ឋ​កាលីហ្វ័​រញ៉ា ក៏​ដូចជា​ផ្នែក​ខ្លះ​នៃ​មជ្ឈិម​បូព៌ា សុទ្ធតែ​ជា​ចំណុចក្តៅ​សម្រាប់​ការប្រទះឃើញ UFO ។​

​ការ​លាតត្រដាង​ថា ជប៉ុន​និង​តំបន់​ខ្លះ​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​អ៊ីរ៉ាក់​និង​ស៊ី​រី​ជា​ចំណុចក្តៅ​នៃ UFO អាច​នឹង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​ចូលចិត្ត​តាមដាន UFO ដែល​តែងតែ​ភ្ជាប់​ការប្រទះឃើញ​តែ​នៅ​សហរដ្ឋ​អាម៉េរិក​។​

​ជាពិសេស ផែនទី​បានកំណត់​តំបន់​មួយ​នៅ​ភាគ​និរតី​ប្រទេស​ជប៉ុន ដោយ​គ្របដណ្តប់​ទីក្រុង​ណា​កា​សា​គី​និង​ហ៊ី​រ៉ូស៊ី​ម៉ា ដែល​ល្បីល្បាញ​ជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ១៩៤៥​។​

​ចំណុច​ក្តៅ​មួយទៀត​របស់​ជប៉ុន​គឺ​សហគមន៍​តូច​មួយ​ឈ្មោះ អ៊ីណូ​ម៉ាឈិ (Iinomachi) ក្នុង​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា (Fukushima) ដែល​គេ​ហៅថា UFO Town​។​

​ទីប្រជុំជន​អ៊ីណូ​ម៉ាឈិ​ត្រូវបាន​គេ​តុបតែង​លម្អ​ដោយ​ផ្ទាំងទស្សនីយភាព​ក្រៅ​ភព​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​និង​លើកកម្ពស់​ខ្លួនឯង​ជា​ជម្រក​សម្រាប់​មនុស្ស​ក្រៅ​ភព​។​

​វា​ក៏​ជា​មូលដ្ឋាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដែល​មានឈ្មោះ​ថា International UFO Lab ផងដែរ ដែល​បាន​បើក​ក្នុង​ឆ្នាំ ២០២១ និង​ដឹកនាំ​ដោយ​អ្នក​ចូលចិត្ត​វត្ថុ​ក្រៅ​ភព លោក ថាកេ​ហារុ មី​កាមិ (Takeharu Mikami)​។​

​នៅក្នុង​ខែ​មិថុនា​ឆ្នាំនេះ មន្ទីរពិសោធន៍ UFO អន្តរជាតិ​បាន​ចេញផ្សាយ​រូបភាព​ចំនួន ៦ ដែល​ទំនងជា UFO ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ថត​នៅ​ទី​ក្រុងកូបេ (Kobe) និង ហ្វ៊ូ​គូ​ស៊ីម៉ា ក្នុងចំណោម​តំបន់​ផ្សេងទៀត​។​

​រូប​ទាំង​នោះ​ត្រូវបាន​ដកស្រង់​ខ្លះៗ​ពី​របាយការណ៍​សរុប​ចំនួន ៤៩៤ ដែល​មន្ទីរពិសោធន៍​នេះ​ទទួលបាន​ពី​ប្រជាជន​ក្នុង​ប្រទេស​ជប៉ុន​និង​ក្រៅប្រទេស​ក្នុង​រយៈពេល​មួយ​ឆ្នាំ បើទោះបីជា​រូប​ភាគច្រើន​មើលទៅ​ដូចជា​ដ្រូ​ន សត្វ​ស្លាប ឬ គ្រាន់តែ​ជា​ចំណាំងផ្លាត​ក៏ដោយ​។​

​ផែនទី​របស់​រដ្ឋាភិបាល​អាម៉េរិក​នេះ​គឺ​មាន​នៅក្នុង​ឯកសារ​កម្រាស់​ប្រាំ​ទំព័រ​ហៅថា “UAP Reporting Trends” ដែល​ចេញផ្សាយ​នៅលើ​វេបសាយ​ថ្មី​របស់ការិ​យាល័យ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ដែន​ទាំងឡាយ (AARO) ដែល​ជា​នាយកដ្ឋាន UFO ថ្មី​បង្កើតឡើង​កាលពី​ខែ​កក្កដា​ឆ្នាំមុន​៕

ផែនទី​របស់​អាម៉េរិក​បង្ហាញ​ការប្រទះឃើញ UFO នៅ​ជុំវិញ​ពិភពលោក