ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបានព្រមានកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងនឹង “បង់តម្លៃ” ប្រសិនបើខ្លួនផ្គត់ផ្គង់ដល់រុស្ស៊ីនូវសព្វាវុធសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ស្របពេលលោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីនរំពឹងជួបពិភាក្សាគ្នាលើបញ្ហានេះ។
រុស្ស៊ី ដែលរងទណ្ឌកម្ម ត្រូវបានគេរាយការណ៍ថាចង់ទទួលបានការផ្គត់ផ្គង់យោធាបន្ថែមទៀតពីសម្ពន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន ខណៈរដ្ឋាភិបាលក្រុងគៀវជំរុញការវាយបកដែលមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន លោក ជែក ស៊ុលលីវ៉ាន់ (Jake Sullivan) បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងមូស្គូកំពុងសម្លឹងមើល “ការពិភាក្សាកម្រិតមេដឹកនាំ ប្រហែលជាដោយផ្ទាល់” លើតម្រូវការអាវុធរបស់រុស្ស៊ី។
លោកស៊ុលលីវ៉ាន់បាននិយាយថា រុស្សីអាចប្រើប្រាស់អាវុធពីកូរ៉េខាងជើងដើម្បីវាយប្រហារការផ្គត់ផ្គង់ស្បៀងអាហារនិងហេដ្ឋារចនាសម្ពន្ធថាមពលមុននឹងឈានចូលរដូវរងា ដើម្បី “ព្យាយាមដណ្តើមយកទឹកដីដែលជាកម្មសិទ្ធិរបស់ប្រទេសអធិបតេយ្យមួយផ្សេងទៀត”។
លោកបានបន្ថែមថា “នេះនឹងមិនឆ្លុះបញ្ចាំងល្អអំពីកូរ៉េខាងជើងទេ ហើយពួកគេនឹងបង់តម្លៃសម្រាប់បញ្ហានេះក្នុងសហគមន៍អន្តរជាតិ”។
លោកស៊ុលលីវ៉ាន់បានបន្ថែមថា មានការនិយាយច្រើនណាស់អំពីរុស្ស៊ី ដែលត្រូវងាកទៅពឹងប្រទេសដូចជាកូរ៉េខាងជើង។
សេតវិមានបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងខែកក្កដា ដើម្បីស្វែងរកទិញអាវុធបន្ថែមសម្រាប់សង្គ្រាម។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមិនអាចបញ្ជាក់ពីជំនួបកំពូលរវាងលោកពូទីននិងលោកគីមបានទេហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា “យើងគ្មានអ្វីត្រូវនិយាយអំពីរឿងនេះទេ”។
លោកសយហ្គូបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើង។ លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ថា “ហេតុអ្វីធ្វើដូច្នេះមិនបាន? ពួកគេជាអ្នកជិតខាងរបស់យើង”៕
លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថានៅទីបញ្ជាការកងទ័ពជើងទឹកកាលពីខែសីហា ឆ្នាំ ២០២៣