ការបាត់​ខ្លួន​របស់ ហ្វា​ន ពីង​ពីង កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​ថា នាង​អាច​ត្រូវគេ​លប​យកទៅ​ដាក់គុក​ស្ងាត់ៗ​

1289
ចែករម្លែក

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចិន​កំពុង​ព្រួយបារម្ភ​គ្រប់គ្នា ដោយ​ចង់ដឹង​ចង់​ឮ​អំពី​កន្លែង​លាក់ខ្លួន​របស់​តារា​ស្រី​លំដាប់​កំពូល​បំផុត​មួយរូប​របស់​ប្រទេស​។​

​ហ្វា​ន ពីង​ពីង អាយុ ៣៦ ឆ្នាំ គឺជា​តារា​ស្រី​រកចំណូលបាន​ខ្ពស់បំផុត​មួយរូប​របស់​ពិភពលោក ហើយ​អ្នកគាំទ្រ​តាមដាន​នាង​គ្រប់​សកម្មភាព​នៅលើ​បណ្តាញ​សង្គម Weibo​។

​ប៉ុន្តែ​នាង​បាន​បាត់​មុខជា​សាធារណៈ​តាំងពី​ថ្ងៃទី ១ កក្កដា នៅពេល​នាង​ទៅ​មើល​មន្ទីរពេទ្យ​កុមារ​មួយកន្លែង​។

​ហ្វា​ន ពីង​ពីង ដែលមាន​អ្នកគាំទ្រ ៦២ លាន​នាក់​លើ​បណ្តាញ​សង្គម បាន​ស្ងាត់​សកម្មភាព​លើ​គ្រប់​បណ្តាញ​ទំនាក់ទំនង​។ លើកចុងក្រោយ ដែល​គេ​ឃើញ​នាង​សកម្ម​នៅលើ Weibo គឺ​នៅ​ថ្ងៃទី ២៣ កក្កដា​។

​ការបាត់​ខ្លួន​របស់​នាង​កើតឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ពិធីករ​ទូរទស្សន៍ លោក ឃុ​យ យ៉ុង​យួន ហាក់​បាន​ចោទប្រកាន់​នាង​ថា​គេចវេស​ពន្ធ​។

​ពិធីករ​នោះបាន​បង្ហើប​ឱ្យដឹងថា នាង​បាន​ចុះហត្ថលេខា​សម្ងាត់​ចំនួន ២​។ យោងតាម AsiaOne ពិធីករ​នោះបាន​ចោទ​នាង​ហ្វា​ន​ថា បាន​ចុះ​កុងត្រា​ចំនួន ២ គឺ​១ សម្រាប់​ការងារ​រយៈពេល ៤ ថ្ងៃ​របស់​នាង ជាមួយ​ទឹកប្រាក់ ១,៩៨ លាន​ដុល្លារ ដែល​បានប្រកាស​ពន្ធ​រួច ខណៈ​កុង​ក្រា​សម្ងាត់​មួយទៀត ដែលមាន​ទឹកប្រាក់​ប្រមាណ ៩,៩ លាន​ដុល្លារ គឺ​ចុះហត្ថលេខា​ជា​លក្ខណៈ​ឯកជន​។​

​ផលិតកម្ម​របស់​នាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​លោក​ឃុ​យ​បាន​សុំទោស ប៉ុន្តែ​អ្នកគាំទ្រ​ព្រួយបារម្ភ​ថា នាង​អាច​នឹង​ត្រូវបាន​ឃុំខ្លួន​។

​យោងតាម​វេ​ប​សាយ​កាសែត​ចិន The Economic Observer ប៉ូលិស​នៅ​ខេត្ត​ជាំ​ង​ស៊ូ​បានធ្វើការ​ស៊ើបអង្កេត ហើយ​នាង​ហ្វា​ន និង ប្អូនប្រុស​របស់​នាង ឈ្មោះ ហ្វា​ន ចេង​ចេង ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​។ តែ​ក្រោយមក អត្ថបទ​នោះ​ត្រូវបាន​ដកចេញ​ពី​វេ​ប​សាយ​វិញ​៕ ដោយ៖ កញ្ញាដាលីស

ហ្វា​ន ពីង​ពីង បាត់​មុខជា​សាធារណៈ​តាំងពី​ថ្ងៃទី ១ កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម